ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុនម៉ានី ៖ សូមចូលរួមអបអរសាទរចំពោះបេក្ខជនដែលបានជាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២

ចែករំលែក៖

ភ្នំពេញ ៖ សូមចូលរួមអបអរសាទរចំពោះបេក្ខជនដែលបានជាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ សម័យប្រឡង ៥ ធ្នូ ២០២២ ទាំងអស់គ្នា។ លទ្ធផលនៃការប្រលងពិតជាបានឆ្លុះបញ្ចាំងនូវការព្យាយាមរៀនសូត្ររបស់ប្អូនៗសិស្សានុសិស្សក្នុងពេលកន្លងទៅ គួបផ្សំជាពិសេសជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់លោកគ្រូ អ្នកគ្រូទាំងអស់គ្នាផងដែរ។ នេះជាលើកឡើងពី លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ 

លោក ហ៊ុនម៉ានី បានលើកឡើងថា, ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡាចំពោះកិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកគុណភាពអប់រំ ជាពិសេសរក្សាបាននូវសុក្រិតភាព និងសុចរិតភាពនៃការប្រលងថ្នាក់ជាតិគ្រប់ភូមិសិក្ស ដោយឈរលើគោលការណ៍ «អ្នកចេះគឺជាប់»។ ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធដែលរួមមាន អង្គភាពប្រឆាំងអំពើរពុករលួយ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច និងសហភាពសហព័ន្ធយុវជនកម្ពុជាដែលបានចូលរួមចំណែកជួយឱ្យដំណើរការប្រលង និងកំណែវិញ្ញាសារប្រព្រឹត្តទៅដោយរលូន និងបានជោគជ័យ។ ធនធានមនុស្សគឺជាគឺជាសសរស្តម្ភដ៏រឹងមាំរបស់ប្រទេសជាតិ ដែលជាចំណែកដ៏សំខាន់ក្នុងការកសាង អភិវឌ្ឍប្រទេសជាតិទាំងបច្ចុប្បន្ន និងអនាគត។

លោក បន្តថា, ទន្ទឹមនឹងនេះ សូមប្អូនៗដែលមិនបានជាប់ សូមកុំអស់សង្ឃឹម ហើយខិតខំព្យាយាមម្តងទៀតនៅឆ្នាំក្រោយ ឬអាចជ្រើសរើសមុខជំនាញវិជ្ជាជីវៈណាមួយដើម្បីជាមូលដ្ឋានសម្រាប់ប្រកបរបរចិញ្ចឹមជីវិតទៅតាមលទ្ធភាព និងសមត្ថភាពផ្ទាល់ខ្លួន ៕

ដោយ ៖ សិលា


ចែករំលែក៖