ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកត្រូវតែគោរពការកាត់ក្តីរបស់អង្គការ WTO ស្តីពីហុងកុង

ចែករំលែក៖

អាមេរិកតែងតែបំពានទៅលើសេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោក WTO ពិសេសគឺនៅក្នុងវិវាទជាមួយចិន។ នៅពេលនេះអ្នកនាំពាក្យក្រសួងការបរទេសចិនបានដាស់តឿនអាមេរិកឱ្យគោរពការកាត់ក្តីរបស់អង្គការពាណិជ្ជកម្មពិភពលោកស្តីពីករណីហុងកុង ហើយកែតម្រូវកំហុសរបស់ខ្លួន។
ថ្ងៃទី២១ ខែធ្នូ ក្រុមអ្នកជំនាញដោះស្រាយករណីវិវាទនៃអង្គការពាណិជ្ជកម្មពិភពលោកសម្រាប់សំណុំរឿងចិនហុងកុងប្តឹងវិធានការបញ្ជាក់ប្រភពដើមទំនិញរបស់អាមេរិក បានចេញផ្សាយរបាយការណ៍ដោយកាត់ក្តីថា វិធានការនិងការកំណត់របស់អាមេរិកក្នុងការបញ្ជាក់ប្រភពដើមទំនិញបានល្មើសនឹងច្បាប់អង្គការពាណិជ្ជកម្មពិភពលោក។
ថ្ងៃទី២២ ខែធ្នូ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ខណៈពេលឆ្លើយសំណួរពាក់ព័ន្ធនឹងរឿងនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនដាស់តឿនអាមេរិកឱ្យគោរពការកាត់ក្តីរបស់ក្រុមអ្នកជំនាញ ហើយកែតម្រូវកំហុសរបស់ខ្លួនតាមរយៈការអនុវត្តជាក់ស្តែង។
លោកស្រី Mao Ning បានថ្លែងថា «ប្រទេសចិនសម្តែងការស្វាគមន៍ចំពោះការកាត់ក្តីដ៏យុត្តិធម៌របស់ក្រុមអ្នកជំនាញនៃអង្គការពាណិជ្ជកម្មពិភពលោក»។ តួនាទីរបស់ហុងកុងដែលជាតំបន់ពន្ធគយដាច់ដោយឡែកពីចិន គឺទទួលបានការអនុម័តពីរដ្ឋាភិបាលចិន ហើយទទួលបានការបញ្ជាក់ពី «ច្បាប់មូលដ្ឋាននៃតំបន់រដ្ឋបាល ពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន» ផងដែរ ក៏ដូចជាបានទទួលស្គាល់ពីច្បាប់ពហុភាគី របស់អង្គការពាណិជ្ជកម្មពិភពលោក តែមិនមែនជាការកំណត់របស់រដ្ឋសមាជិកណាមួយនោះទេ។
លោកស្រី Mao Ning បានថ្លែងទៀតថា «ចិននឹងអនុវត្តយ៉ាងម៉ឺងម៉ាត់និងមិនងាករេនូវគោលការណ៍ណែនាំអំពីប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ ប្រឆាំងយ៉ាងដាច់ខាតចំពោះកម្លាំងខាងក្រៅដែលមកជ្រៀតជ្រែកកិច្ចការរបស់ហុងកុង គាំទ្រយ៉ាងមុតមាំនូវតួនាទីរបស់ហុងកុងដែលជាតំបន់ពន្ធគយដាច់ដោយឡែកពីចិន គាំទ្រយ៉ាងមុតមាំដល់ហុងកុង ដើម្បីពង្រឹងនិងពង្រីកតួនាទីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ វានាចរណ៍ និងពាណិជ្ជកម្មអន្តរជាតិ»៕

ដោយ៖ ធីរីណា(រូប​ថត​ ៖​ TTXVN -VNA)


ចែករំលែក៖