ព័ត៌មានទាន់ហេតុការណ៍៖

សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ​! កម្ពុជា​ រំពឹងថានឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ៣លាននាក់

ចែករំលែក៖

ភ្នំពេញ៖ លោក​ ថោង ខុន រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍​ បានថ្លែងថា​ កម្ពុជា​ អាចនឹងទទួលបានទេសចរអន្តរជាតិច្រើនជាង ​៣លាននាក់ ខណៈសម្រាប់​ពេញ​មួយឆ្នាំ២០២២នេះ​ កម្ពុជារំពឹងថា ​នឹងទទួលបានទេសចរអន្តរជាតិច្រើនជាង ២,២លាននាក់ និងទេសចរផ្ទៃក្នុង ច្រើនជាង ១៣លាននាក់។

ជាក់ស្ដែង​លោករដ្ឋមន្ត្រីទេសចរណ៍​ នៅក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផល នៃការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្ម​ក្នុងវិស័យទេសចរណ៍​ កាលពីរសៀលថ្ងៃទី២២ ខែធ្នូម្សិលមិញនេះ​ បានលេីកឡេីង​ការរំពឹងទុករបស់កម្ពុជាថា​ នឹងអាចទទួលបាន​ទេសចរ​អន្តរជាតិច្រើនជាង ៣លាននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ គឺដោយសារជាឆ្នាំដែល​កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោករដ្ឋមន្រ្តី ​បានបន្ថែមថា​ ជាចក្ខុវិស័យ ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ត្រូវផ្អែកជា​ចំបង​លើសក្តានុពលដែលយើងមាន ដូចជា កត្តាធនធានវប្បធម៌ និងធម្មជាតិ, កត្តាភូមិសាស្រ្ត, និងកត្តាប្រជាសាស្រ្ត ជាមួយនឹងការគិតគូរជាប់ជាប្រចាំពីការប្រែប្រួលឥតឈប់​ឈរ​នៃ​តម្រូវការ​របស់ភ្ញៀវទេសចរជាតិ ​និងអន្តរជាតិ ​ព្រមទាំងការវិវត្តយ៉ាងឆាប់​រហ័សនៃបរិបទសេដ្ឋកិច្ច-សង្គម ដែល​មានទាំងកាលានុវត្តភាពថ្មី និងបញ្ហាប្រឈមថ្មី។

ក្នុងន័យនេះ យើងនៅមានការងារជាច្រើនទៀត ​ដែលត្រូវខិតខំធ្វើ និងបន្តធ្វើ ដើម្បីស្តារកំណើន​ទេសចរណ៍​កម្ពុជាពីវិបត្តិជំងឺកូវីដ-១៩។

លោករដ្ឋមន្ត្រី​ ថោង ខុន ក៏បានអំពាវនាវបន្ថែមទៅដល់គ្រប់ក្រសួង-ស្ថាប័ន, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, រដ្ឋបាលថ្នាក់​ក្រោមជាតិ, វិស័យឯកជន, ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងគ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឲ្យបន្តចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការ​ស្តារវិស័យទេសចរណ៍កម្ពុជា ឆ្ពោះទៅ​រកភាពរីកចម្រើនរុងរឿងនៃ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ”។

គួរបញ្ជាក់ថា​ កម្ពុជា​ គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២២នេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិ​ប្រមាណ​ជាង ១,៩១លាននាក់ កើនឡើងជាង ​១ពាន់ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ដោយ​ឡែក​ភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសមានភ្ញៀវទេសចរជាតិ​មានចំនួនជាង ១១,៦៥​លាននាក់ កើនឡើងក្នុងអត្រា ​១៨១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងភ្ញៀវទេសចរ​បរទេសផ្ទៃក្នុង ជាង ១,៦៤លាននាក់ កើនឡើងក្នុងអត្រា ៦០២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕

ដោយ​៖ សហការី​


ចែករំលែក៖