ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញខ្មោចសត្វផ្សោតអ៊ីរ៉ាវាឌីញីមួយក្បាល​ អាយុចន្លោះពី ៧ ទៅ១០ឆ្នាំ អណ្ដែតលើទឹកទន្លេមេគង្គក្នុងឃុំកោះទ្រុង

ចែករំលែក៖

ខេត្តក្រចេះ ៖ អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) បានចេញសេចក្ដីថ្លែងការណ៍មួយ អំពីការបាត់បង់សត្វផ្សោតអ៊ីរ៉ាវាឌីញីមួយក្បាល ហើយបានអំពាវនាវចាំបាច់ ត្រូវបង្កើនការពង្រឹងការអនុវត្តច្បាប់ដោយតឹងរ៉ឹង និងទៀងទាត់ជាបន្ទាន់ ដើម្បីជួយសង្រ្គោះសត្វផ្សោតទន្លេមេគង្គ ពីការឈានទៅផុតពូជ។

សេចក្តីថ្លែងការណ៍របស់អង្គការ WWF នៅថ្ងៃទី ២៣ ខែធ្នូនេះ បានឲ្យដឹងថា រដ្ឋបាលជលផល និងអង្គការ WWF មានទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការបាត់បង់សត្វផ្សោតមួយក្បាល ដែលត្រូវបានគេប្រទះឃើញងាប់ នៅក្នុងឃុំកោះទ្រុង ក្រុងក្រចេះ ខេត្តក្រចេះ។ សាកសពសត្វផ្សោត ត្រូវបានរកឃើញដោយប្រជាពលរដ្ឋមួយរូប នៅក្នុងក្រុងក្រចេះ បន្ទាប់ពីសាកសពបានអណ្តែតតាមទឹកទន្លេ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២។ ប្រជា ពលរដ្ឋរូបនេះ ក៏បានរាយការណ៍ភ្លាមៗពីហេតុការណ៍ដ៏សោកសៅនេះ ជូនដល់បុគ្គលិកនៃអង្គការ WWF ប្រចាំខេត្តក្រចេះ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ។

សត្វផ្សោត ដែលបានងាប់នោះ ជាសត្វផ្សោតញីពេញ វ័យមានប្រវែង ១៩៣សង់ទីម៉ែត្រ អាយុចន្លោះពី ៧ ទៅ ១០ ឆ្នាំ មានទម្ងន់ប្រហែល ៨៥ គីឡូក្រាម។ បន្ទាប់ពីបានពិនិត្យសាកសពសត្វផ្សោតយ៉ាងល្អិតល្អន់ ក្រុមអ្នក ជំនាញស្រាវជ្រាវ នៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងអង្គការ WWF បានសន្និដ្ឋានជាបឋមថា សត្វផ្សោតបានងាប់ ក្រោយពីបានជាប់នឹងមងនេសាទ ដោយសារក្រុមស្រាវជ្រាវ បានរកឃើញស្លាកស្នាមនៃសរសៃមង នៅលើផ្ទៃកន្ទុយរបស់វា។

ជាមួយនឹងឧបទ្ទវហេតុដ៏សោកសង្រេងនេះ វាជាសត្វផ្សោតទី ១០ ហើយដែលបានងាប់ក្នុងឆ្នាំ ២០​២២ និងជាសត្វផ្សោតទី ២៨ ដែលបានបាត់បង់ជីវិតក្នុងរយៈ ពេល ៣ ឆ្នាំចុងក្រោយនេះ។ ការដែលសោកស្តាយខ្លាំងបំផុត គឺនៅពេលសត្វផ្សោតញីពេញវ័យ ដែលមានសុខភាពល្អដូចសត្វផ្សោតញីមួយក្បាលនាពេលនេះ បានបាត់បង់ជីវិត ព្រោះវាប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធភាព នៃការបន្តពូជរបស់សត្វផ្សោតទន្លេមេគង្គ។

លោក សេង ទៀក នាយកអង្គការ WWF ថ្លែងដោយក្តីទុក្ខក្រៀមក្រំថា «សម្រាប់តែក្នុងរយៈពេលប៉ុន្មានថ្ងៃចុង ក្រោយនេះប៉ុណ្ណោះ យើងបានកត់ត្រាសត្វផ្សោតដែលបានស្លាប់ដល់ទៅពីរក្បាល។ នេះជាសញ្ញាមួយដ៏ធ្ងន់ធ្ងរ និងគួរឲ្យព្រួយបារម្ភជាខ្លាំងព្រោះ វាជានិន្នាការនៃការឈានទៅរកភាពផុតពូជសម្រាប់សត្វផ្សោតទន្លេ មេគង្គ»។

ទើបកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ សត្វផ្សោតឈ្មោលសុខភាពល្អមួយក្បាល ក៏ត្រូវបានប្រទះឃើញងាប់ក្នុងទន្លេមេគង្គដែរ។ ស្ថានភាពបែបនេះ កាន់តែបង្កើនការព្រួយបារម្ភខ្លាំងឡើងៗ ចំពោះការរស់រានរបស់សត្វផ្សោត ដែលចាំបាច់ទាមទារឲ្យមានវិធានការ ដើម្បីការពារជាបន្ទាន់ ក្នុងគោលបំណងបញ្ជៀសឲ្យបាន នូវការបាត់បង់សត្វផ្សោតទន្លេមេគង្គរបស់កម្ពុជា។​

លោក សេង ទៀក បានមានប្រសាសន៍ថា «យើងមិនធ្លាប់បានឃើញនូវអត្រាស្លាប់ខ្ពស់បែបនេះទេក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ»។ លោកបានសង្កត់ធ្ងន់ថា «ប្រសិនបើគ្មានវិធានការសមស្របដើម្បីឆ្លើយតបជាបន្ទាន់ទៅនឹងស្ថានភាពបច្ចុប្បន្ននេះទេ នោះសត្វផ្សោតនឹងវិនាសផុតពូជមិនខានឡើយ»។

ក្នុងចំណោមចំនួនសត្វផ្សោត ដែលនៅសេសសល់កំពុងរស់នៅក្នុងទន្លេមេគង្គ សត្វផ្សោតប្រមាណ ៧០ភាគរយ មានអាយុលើសពី ២០ឆ្នាំ ដែលជាវ័យមួយផុតកំណត់អាយុ ដែលមានលទ្ធភាពបង្កាត់ពូជ។ ជាទូទៅសត្វផ្សោតអ៊ីរ៉ាវ៉ាឌី អាចរស់នៅបានដល់អាយុចន្លោះពី ២៧ ទៅ ៣០ឆ្នាំ។

អត្រាងាប់របស់កូនសត្វផ្សោត មានកម្រិតខ្ពស់ ប្រមាណ ៦២ភាគរយ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ដែលជាមូលហេតុធ្វើឲ្យអត្រារស់រានរបស់កូនសត្វផ្សោត រហូតដល់ពេញវ័យមានកម្រិតទាប។ នេះជាកត្តា ដែលធ្វើឲ្យអ្នកពាក់ព័ន្ធមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះមិនមានចំនួនសត្វផ្សោតកើតថ្មីគ្រប់គ្រាន់ ដើម្បីបន្តវេនជំនួសផ្សោតចាស់។

អង្គការ WWF បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ មេត្តារៀបចំដាក់ចេញនូវវិធានការសមស្របបន្ទាន់ ដើម្បីបញ្ឈប់កុំឲ្យសត្វផ្សោតរងគ្រោះថ្នាក់ងាប់បន្តទៀត ដោយសារការនេសាទខុសច្បាប់ដោយការប្រើមងនេសាទ និងឧបករណ៍ឆក់ ដែលកំពុងត្រូវបានប្រព្រឹត្តនៅក្នុងតំបន់អភិរក្សសត្វផ្សោត។

លោក សេង ទៀក បានថ្លែងដោយទទូចថា «ដំណោះស្រាយតែមួយគត់ ដើម្បីឆ្លើយតបនឹងវិបត្តិបង្កឡើងដោយទង្វើមនុស្សនេះ គឺសូមទទូចឲ្យសមត្ថកិច្ចទទួលខុសត្រូវទាំងអស់មេត្តាអនុវត្ត និងពង្រឹងវិធានការច្បាប់ឲ្យបានតឹងរ៉ឹង ចំពោះរាល់សកម្មភាពនេសាទខុសច្បាប់គ្រប់ទម្រង់ នៅក្នុងតំបន់ទីជម្រកសត្វផ្សោត ដោយត្រូវបង្កើនការល្បាតនៅពេលយប់ ព្រោះជាពេលដែលការនេសាទខុសច្បាប់ភាគច្រើនកើតឡើង»៕

ដោយ៖ សូរិយា


ចែករំលែក៖