ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃសៅរ៍ ២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធវិហារឥស្លាមនូរុលមុតតាគីន ស្ថិតនៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល។
លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថា ពិធីសម្ពោធវិហារឥស្លាមនូរុលមុតតាគីន នាឱកាសនេះ ជាការបង្ហាញឲ្យឃើញពីការរីកចំរើនក្នុងវិស័យឥស្លាមសាសនា ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៏សំខាន់នោះគឺប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍ លើគ្រប់វិស័យ មានភាពសុខុដុមនៃសាសនា។
លោកបន្តថា សាសនាឥស្លាមបានដើរតួនាទីយ៉ាង សំខាន់ក្នុងការកសាងនូវសន្តិភាពផ្លូវចិត្តរបស់បុគ្គល និងសន្តិសុខសង្គម ព្រមទាំងគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រដ្ឋបាលខេត្តបានពង្រឹងជាប្រចាំនូវការទប់ស្កាត់ បទល្មើសនានាក្នុងមូលដ្ឋាន។
លោកបានបន្ថែមថារដ្ឋបាលខេត្តកណ្ដាល បានយកចិត្តទុកដាក់បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ ការជួញដូរមនុស្ស ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ បទល្មើសសេដ្ឋកិច្ច បទល្មើសនានាតាមច្រកព្រំដែន និងច្រករបៀងនានា ត្រូវបានបង្ក្រាប ទប់ស្កាត់បានទាន់ពេលវេលា និងមានវិធានការចុះអប់រំផ្សព្វផ្សាយជាប្រចាំ។
អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះសម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងការកោតសរសើរចំពោះក្រសួងធម្មការ និងសាសនា អាជ្ញាធរខេត្ត ស្រុក ដែលបានសហការរៀបចំពិធីនេះ រួមជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ព្រមទាំងសប្បុរសជនសាសនិកឥស្លាម ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះបងប្អូនសាសនិកឥស្លាម។
សម្ដេចក្រឡាហោម មានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាតែងតែបង្កលក្ខណៈ និងផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងដល់បងប្អូនសាសនិកខ្មែរឥស្លាមក្នុងការប្រតិបត្តិជំនឿសាសនា និងប្រារព្ធពិធីផ្សេងៗដែលជាការបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសាសនិកខ្មែរឥស្លាម ស្របតាមគោលនយោបាយសុខដុមនីយកម្មសាសនា។
សម្ដេច ក៏បានបង្ហាញមោទកភាពដោយហេតុថាតាមប្រវត្តិសាស្ត្ររហូតដល់បច្ចុប្បន្ន កម្ពុជាមិនដែលមានជម្លោះសាសនានោះទេ ដ្បិតពលរដ្ឋតែងតែប្រកាន់យកវប្បធម៌រួបរួមជាតិ មិនប្រកាន់ពូជសាសន៍ និងជំនឿសាសនា ដែលជាបច្ច័យដ៏ល្អសម្រាប់អ្នកជំនាន់ក្រោយ។ សម្ដេចក៏បានចូលរួមអបអរសាទរជាមួយសហគមន៍ខ្មែរឥស្លាមដែលបានទទួលសមិទ្ធផលព្រះវិហានាថ្ងៃនេះ។
សម្ដេចឧបនាយករដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរសប្បុរសជនខ្មែរឥស្លាមទាំងក្នុង និងក្រៅប្រទេស ដែលបានរួមវិភាគទានចូលរួមគាំទ្រដំណើរការសាងសង់សមិទ្ធផលនេះ និងកោតសរសើរបងប្អូនខ្មែរឥស្លាមទូទាំងប្រទេសដែលបានខិតខំថែរក្សាប្រពៃណីដ៏ល្អ តស៊ូចំពោះការលំបាកគ្រប់បែបយ៉ាង ដើម្បីកសាងសហគមន៍ និងក្រុមគ្រួសារឱ្យមានភាពរីកចម្រើន និងរុងរឿង។
សម្ដេចបន្តថាការរក្សាបាននូវប្រពៃណីសាសនានេះ គឺជាការបង្ហាញនូវភាពសម្បូរបែបនៃប្រពៃណីគ្រប់ជាតិសាសន៍របស់ប្រទេសកម្ពុជា និងជាភស្តុតាងបង្ហាញថាព្រះរាជាណាចក្រកម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រទេសមានសេរីភាពយ៉ាងពេញលេញខាងជំនឿសាសនា និងមានសុខដុមនីយកម្មនៃជនជាតិ។
សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញការចាប់អារម្មណ៍ចំពោះទស្សនាទានរក្សាសន្តិភាពជូនប្រទេសជាតិ ដែលត្រូវបានបំផុសក្នុងចំណោមឥស្លាមសាសនិកនៅកម្ពុជា ដូចជា សាសនាឥស្លាមនិងសុវត្ថភាពភូមិ ឃុំ សង្កាត់ យុវជននិងសង្គមនាំគ្នាកសាងអំពើល្អទប់ស្កាត់អំពើអាក្រក់ ឥស្លាមជាសាសនាសន្តិភាពនិងភាពសុខដុម ឥស្លាមនិងការអប់រំ ឥស្លាមនិងនារី ឥស្លាមនិងសីលធម៌ និងឥស្លាមនិងសេដ្ឋកិច្ច ជាដើម។
សម្ដេចបានកត់សម្គាល់ថាប្រធានបទសន្តិភាពទាំងនេះ សមស្របនឹងបច្ចុប្បន្នភាពនៃប្រទេសកម្ពុជា និងជាសារនយោបាយមួយដែលត្រូវបានអនុវត្តយ៉ាងសស្រាក់សស្រាំ និងផុលផុសតាមមជ្ឈដ្ឋានគ្រប់ទិសទី ដើម្បីជាការចូលរួមរក្សាគុណតម្លៃជាតិ ពង្រឹងនិងពង្រីកសីលធម៌ និងកសាងមោទកភាពជាតិ លើកម្ពស់កិត្យានុភាពសាសនា និងរក្សាបាននូវសុខសន្តិភាព ធ្វើឱ្យសហគមន៍ជឿនលឿន ដែលជាផ្នែកមួយនៃអំណោយផលដល់ការប្រែក្លាយប្រទេសជាតិទៅកាន់វឌ្ឍនភាព។
សម្ដេចក្រឡាហោម បានគូសបញ្ជាក់ជូនអង្គពិធីអំពីការអនុវត្តគោលការណ៍ផ្ដល់តួនាទី និងមុខតំណែងរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសក្រោយការកែសម្រួលគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ផ្ដល់តួនាទីអភិបាលឬអភិបាលរង ជូនមន្រ្តីខ្មែរឥស្លាម ដោយយោងលើសមត្ថភាពបំពេញតួនាទី។ សម្ដេចបន្ថែមថាគោលនយោបាយ និងការលើកទឹកចិត្តនេះត្រូវបានអនុវត្តទូទាំងប្រទេស ពិសេសនៅតំបន់រដ្ឋបាលដែលមានពលរដ្ឋខ្មែរឥស្លាមរស់នៅច្រើន។
ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម បានលើកឡើងអំពីស្ថានភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ ទាំងល្បែងនៅតាមមូលដ្ឋាន និងល្បែងស៊ីសងតាមប្រព័ន្ធបច្ចេវិទ្យាអនឡាញ។ សម្ដេចបានក៏បានគូសបញ្ជាក់អំពីការកើតមានបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងគ្រឿងញៀនដែលត្រូវបានបង្រ្កាបពីអាជ្ញាធរ។
ទន្ទឹមគ្នានឹងការគូសបញ្ជាក់នេះ សម្ដេចបានអំពាវនាវឱ្យអាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្រ្តីរាជការគ្រប់ក្រសួងស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋ ចូលរួមគាំទ្រ និងផ្ដល់កិច្ចសហការដល់ការបង្ការទប់ស្កាត់ និងបង្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ តាមរយៈការអប់រំផ្សព្វផ្សាយដល់អ្នកជុំវិញ និងចូលរួមរាយការណ៍មកកាន់សមត្ថកិច្ចដើម្បីបង្ក្រាបបទល្មើសគ្រៀងញៀនដែលជាសត្រូវដ៏ធំនៃការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចជាតិ ៕
ដោយ ៖ សហការី