ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូចាប់ហ្រ្វ័ងខុសបច្ចេកទេសបានរអិលដួលចូលក្រោមកង់រថយន្តដឹកថ្មបណ្ដាលឲ្យរថយន្តកិនពីលេីខ្ទេចខ្លួនស្លាប់ភ្លាមមួយរំពេច បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឈុន តៃឈី អាយុ៣០ឆ្នាំ មានស្រុកកំណេីតនៅឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឱ្យដឹងថា នៅមុនពេលកេីតហេតុគេឃេីញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Yamaha Fino ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1BT-0485 ធ្វេីដំណេីរក្នុងល្បឿនលឿនពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុខាងលេីនៅមុខក្រុមហ៊ុនផលិតបេតុង គាត់ក៏បានចាប់ហ្វ្រ័ងខុសបច្ចេកទេសធ្វើឱ្យរអិលដួលចូលក្រោមកង់រថយន្តប្រភេទដឹកថ្មមួយគ្រឿងម៉ាក DAEWOO ក្បាលពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-4924 បណ្ដាលឱ្យរថយន្តកិនពីលេីខ្ទេចខ្លួនស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម រួចក៏បេីកចូលក្នុងការដ្ឋានរត់គេចខ្លួនបាត់ស្រមោលទៅ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ឱ្យចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា ពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុរួចក៏ប្រគល់ជូនសាច់ញាតិ យកទៅធ្វេីបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ