ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងយប់ក្នុងរោងការខណ:កំពុងចាក់ធុងបាស់រាំលេងកម្សាន្តស្រាប់តែមានក្មេងទំនើង២ក្រុមដេញវាយគ្នា ហើយពេលសមត្ថកិច្ចនិងអ្នកភូមិចូលទៅឃាត់បែរជាវាយឱ្យរងរបួស៤នាក់បន្ថែមទៀត រួចពួកទាំងនោះគេចខ្លួនបាត់ស្រមោលទៅ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ថ្ងែទី២៤ខែធ្នូ ឆ្នាំ២០២២ស្ថិតនៅក្នុងសាលាបឋមសិក្សាព្រៃម្នាស់ ភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាអ្នកដែលរងរបួសទាំង៤នាក់មានទី១-ឈ្មោះ ជិន វុធ អាយុ៥៣ឆ្នាំ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំឡី រងរបួសដាច់ស្បែកក្បាល ដេរ៤ថ្នេរ។
ទី២-ឈ្មោះ សូ សាវ៉ែន អាយុ៥២ឆ្នាំ មុខរបរក្រុមប្រឹក្សាឃុំសំឡី មានទីលំនៅភូមិសំឡីខាងត្បូង ឃុំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង រងរបួសមេដៃខាងឆ្វេង ដេរ៤ថ្នេរ។ ទី៣-ឈ្មោះ ឥន តុលា អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិសំឡីខាងត្បូង រងបួសក្បាល(ទៅព្យាលបាលនៅមន្ទីរពេទ្យជីភូ) និង៤-ឈ្មោះ ផង់ សយវិសាល អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិពហរៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង(ដាច់ស្បែកក្បាលដេរ៤ថ្នេរ)។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុក្នុងសាលាបឋមសិក្សាព្រៃម្នាស់មានពិធីរៀបអាពាហ៍ពិពាហ៍អ្នកភូមិ ហើយមានចាក់ធុងបាស់អោយភ្ញៀវចូលរួមរាំលេងកម្សាន្តសប្បាយគ្រប់ៗគ្នា។
រហូតដលម៉ោង៩និង៣៥នាទីយប់ស្រាប់តែមានក្មេងទំនើងពីរក្រុមដែលបានចូលរួមក្នុងកម្មវិធីបានឈ្លោះប្រកែកគ្នាផ្ទុះហិង្សាវាយប្រតាយប្រតប់គ្នាផ្អើលដល់ភ្ញៀវនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំឡីនិងអ្នកភូមិបានចូលទៅឃាត់កុំអោយវ៉ៃគ្នា ស្រាប់តែក្រុមក្មេងទំនើងទាំងនោះស្ទុះមកវាយមកលើកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំឡីនិងអ្នកចូលទៅឃាត់បណ្តាលអោយរងបួសចំនួន៤នាក់តែម្ដង។
ចំណែកក្រុមក្មេងទំនើងបង្កហេតុសមត្ថកិច្ចកំពុងធ្វើការចុះស្រាវជ្រាវដើម្បីចាត់ការបន្តតាមច្បាប់ ៕
ដោយ៖ សុថាន