ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋដែលមានមុខរបរឆ្អើរត្រីនិងធ្វើប្រហុកបានត្រៀមរួចរាល់អស់ហើយដោយរង់ចាំតែខ្នើតត្រីចុះប៉ុណ្ណោះ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ គេសង្កេតឃើញថាប្រជាពលរដ្ឋដែលមានមុខរបរឆ្អើរត្រីនិងធ្វើប្រហុកបានត្រៀមរៀបចំរួចរាល់អស់ហើយដោយរង់ចាំតែខ្នើតត្រីចុះមកដល់ប៉ុណ្ណោះ។

នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះនៅចំណុចភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំងគេមើលឃើញរោងឆ្អើរត្រីធំៗជាច្រើនកន្លែងត្រូវបានបងប្អូនប្រជាពលរដ្ឋត្រៀមរួចរាល់ហើយ ក្នុងនោះមានរោងខ្លះបាននិងកំពុងដាក់ឆ្អើរបណ្តើៗហើយ ខណ:ថ្ងៃនេះគឺជាខ្នើតទី២ហើយ ។

   បងប្អូនប្រជាពលរដ្ឋដែលមានមុខរបរឆ្អើរត្រីឈ្មោះលាក់បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះថា ត្រីដែលពួកគាត់ទិញយកមកឆ្អើរនៅថ្ងៃនេះសុទ្ធតែជាត្រីប្រភេទកន្ទាប់ភ្លុកដែលពួកគាត់ទិញចូលយកមកដោតឆ្អើរមានតម្លៃ១គីឡូក្រាម ៦៥០០រៀល ក្នុងនោះថ្លៃឈ្នួលដោត១០០ចង្កាក់ថ្លៃ៦០០០រៀលនិងអុសសម្រាប់ដុតឆ្អើរត្រី១ម៉ែត្រគូបតម្លៃ២៥០០រៀល។ ពេលនេះគាត់ទិញត្រីយកមកឆ្អើរបណ្តើរៗដើម្បីត្រៀមចាំឈ្មួញចូលមកទិញ ។

   គាត់បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងខ្នើតទី២នេះមិនទាន់មានឃើញត្រីប្រហុកឬត្រីធ្វើផ្អកត្រីឆ្អើរនៅឡើយទេ ព្រោះជាខ្នើតដំបូងអ៊ីចឹងពួកគាត់រង់ចាំមើលខ្នើតទី៣ និងទី៤បន្តទៀត តែទោះបីជាយ៉ាងណាក៏ដោយឆ្នាំនេះទឹកធំទិន្នផលត្រីប្រហែលជាច្រើនជាងឆ្នាំមុនៗដែលមានទឹកតូច ។

   លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ នេះបានឱ្យដឹងតាមរយ:ទូរស័ព្ទថា ពេលនេះមិនទាន់ដល់ថ្ងៃធ្វើប្រហុកផ្អកនៅឡើយទេជាទូទៅថ្ងៃនេះជាថ្ងៃទី២នៃខ្នើតដំបូងតែត្រូវត្រី ចង្កែង មងត្រូវ ហើយនៅស្រុកកំពង់ត្រឡាចក្រោម ក្នុងនោះយើងរង់ចាំមើលនៅថ្ងៃស្អែកទៀតដែលជាខ្នើតទី៣ ។

    តែទោះជាយ៉ាងណាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយសូមមេត្តាត្រៀមចុះមកទិញត្រីសម្រាប់ធ្វើប្រហុកផ្អកដើម្បីទុកសម្រាប់រដូវធ្វើស្រែវស្សាផងដែរ ៕

ដោយ៖ សូរិយា


ចែករំលែក៖