គ្រោះទឹកជំនន់បានវាយប្រហារហ្វីលីពីននៅថ្ងៃបុណ្យណូអែល បង្ខំឱ្យពលរដ្ឋហ្វីលីពីនជិត៥ម៉ឺននាក់ ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។ តំបន់ជាច្រើនគ្មានអគ្គិសនីប្រើប្រាស់ សេវាទូរស័ព្ទ ក៏បានដាច់ផងដែរ។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន បាននិយាយនៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ក្នុងថ្ងៃបុណ្យណូអែលនៅភាគខាងត្បូងនៃប្រទេសបានកើនឡើងដល់ ១៣នាក់ហើយ ខណៈដែលការស្វែងរកអ្នកបាត់ខ្លួន២៣នាក់កំពុងបន្ត ស្របពេលដែលទឹកជំនន់ចាប់ផ្តើមស្រកចុះ។
ទីភ្នាក់ងារគ្រោះមហន្តរាយបាននិយាយថា ករណីស្លាប់ភាគច្រើនគឺបណ្តាលមកពីការលង់ទឹកជំនន់ភ្លាមៗ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរយៈពេល២ថ្ងៃ បានរំខានដល់ការប្រារព្ធពិធីបុណ្យណូអែល និងបានបង្ខំមនុស្សជាង ៤៥,០០០នាក់ ត្រូវជម្លៀសខ្លួនទៅមជ្ឈមណ្ឌលជ្រកកោនបណ្តោះអាសន្ន។
លោក Carmelito Heray ប្រធានទីភ្នាក់ងារគ្រោះមហន្តរាយ ប្រចាំទីក្រុងក្លារីន Clarin នៃខេត្ត Misamis Occidenta បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកយ៉ាងដូច្នេះថា «ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត ហើយការខូចខាតដល់វិស័យកសិកម្មកំពុងត្រូវបានវាយតម្លៃ»។ រីឯ អភិបាលក្រុងClarin លោក Emeterio Roa ក៏បានឱ្យដឹងដែរថា «ការខូចខាតដ៏ធំនៅទីនេះគឺសត្វពាហនៈ ពីព្រោះជ្រូក មាន់ ពពែ និងគោ បានបាត់ខ្លួនទៅតាមទឹក»។
មិនមានព្យុះត្រូពិកនៅក្នុងថ្ងៃឈប់សម្រាកដ៏សំខាន់បំផុត របស់ប្រទេសកាន់សាសនាកាតូលិកមួយនេះទេ ប៉ុន្តែខ្សែបន្ទាត់កាត់តំបន់ដែលជាខ្យល់ក្តៅ និងត្រជាក់ប៉ះគ្នា បណ្តាលឱ្យមានភ្លៀងធ្លាក់នៅភាគខាងត្បូងប្រទេស៕
ដោយ៖ ធីរីណា(រូបថត ៖ AFP)