ខ្សែប្រយុទ្ធ Erling Haaland បានក្លាយជាកីឡាករលឿនបំផុតដែលអាចរកបាន២០គ្រាប់នៅ Premier League បន្ទាប់ពីគាត់បានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៣-១ របស់ Man City លើក្រុម Leeds កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែធ្នូនេះ។
កីឡាករសញ្ជាតិន័រវេសរូបនេះពិតជាមានទេពកោសល្យក្នុងទម្រង់លេងដ៏ល្អនៅឯកីឡដ្ឋាន Elland Road ដោយស៊ុតបញ្ចូលទីបាន២គ្រាប់ក្នុងចំណោមឱកាសទាំង៥លើករបស់គាត់។ ទោះយ៉ាងណាក៏ដោយ គាត់ទទួលបានគ្រាប់បាល់ដែលត្រូវការដើម្បីឈានដល់២០គ្រាប់នៅក្នុងអ្វីដែលគ្រាន់តែជាការបង្ហាញខ្លួននៅ Premier League ជាលើកទី១៤របស់គាត់។
ខ្សែប្រយុទ្ធ Haaland បានវ៉ាដាច់ Kevin Phillips ដែលត្រូវការ២១ប្រកួតរកបាន១៤គ្រាប់ក្នុងរដូវកាល១៩៩៩-២០០០ សម្រាប់ Sunderland។ ចំណែក Harry Kane ត្រូវការការប្រកួតចំនួន៤០ដើម្បីរកគ្រាប់បាល់ទី២០នៅ Premier League របស់គាត់។
បន្ទាប់ពីការប្រកួត លោក Pep Guardiola គ្រូបង្វឹករបស់ Man City បានគោរពដល់ Haaland ទោះបីជាគាត់បានសារភាពថា គាត់គួរតែស៊ុតបញ្ចូលទីបន្ថែមទៀតនៅ Elland Road ក៏ដោយ។
លោក Guardiola បាននិយាយបន្ទាប់ពីការប្រកួតថា “យើងរីករាយជាមួយនឹងភាពរាបទាបរបស់គាត់។ គាត់ស៊ុតបានច្រើនគ្រាប់ ប៉ុន្តែគាត់អាចរកបានច្រើនជាងនេះ គាត់ជួយយើងច្រើន។ គាត់គឺជាបុរសពិសេសម្នាក់ដែលមានក្រមសីលធម៌ការងារ និងវិជ្ជាជីវៈរបស់គាត់។ វាជាការគំរាមកំហែងយ៉ាងខ្លាំងចំពោះគូប្រជែងរបស់យើង ដោយមានគាត់នៅទីនោះ”។
ខាងក្រោមនេះគឺជាកីឡាករដែលស៊ុតបញ្ចូលបានទី២០គ្រាប់នៅ Premier League ដែលរកបានលឿនបំផុត៖
១-Erling Haaland រកបាន២០គ្រាប់ ក្នុង១៥ប្រកួត
២-Kevin Phillips រកបាន២០គ្រាប់ ក្នុង២១ប្រកួត
៣-Andrew Cole រកបាន២០គ្រាប់ ក្នុង២៣ប្រកួត
៤-Ruud van Nistelrooy រកបាន២០គ្រាប់ ក្នុង២៦ប្រកួត
៥-Diego Costa រកបាន២០គ្រាប់ ក្នុង២៦ប្រកួត
៦-Tony Yeboah រកបាន២០គ្រាប់ ក្នុង២៦ប្រកួត
៧-Fernando Torres រកបាន២០គ្រាប់ ក្នុង២៧ប្រកួត
៨-Alan Shearer រកបាន២០គ្រាប់ ក្នុង២៩ប្រកួត
៩-Sergio Aguero រកបាន២០គ្រាប់ ក្នុង៣០ប្រកួត ៕
ដោយ៖ ភារៈ(រូបភាព ៖ 90min.com)