ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលដាក់បន្ថែមម៉ាស៊ីនស្កេនកម្តៅ ៣គ្រឿងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពញ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខា ធិការប្រចាំការតំណាង លោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះ បានដឹកនាំក្រុមការងារសុខាភិបាល ដែលមានអគ្គនាយកបច្ចេកទេស, អគ្គនាយករដ្ឋបាលហិរញ្ញវត្ថុនិងមានការចូលរួមពីមន្ដ្រីអាកាសដ្ឋាអន្ដរជាតិភ្នំពេញ, មន្ដ្រីចត្ដាឡីស័ក និងអាជ្ញាធរទាំងអស់ ចុះពិនិត្យស្ថានភាពអ្នកដំណើរអញ្ជើញចូលមកប្រទេសកម្ពុជា តាមអាកាសដ្ឋានអន្ដរជាតិភ្នំពេញ។

លោកស្រីរដ្ឋលេខាធិការថ្លែងថា ក្រុមការងារក្រសួង សុខាភិបាល និងអាជ្ញាធរផ្នែក​ពាក់ព័ន្ធ​ទាំងអស់ចុះមកពិនិត្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ដែដែលជាទីតាំងទទួលអ្នកដំណើច្រើន និងដើម្បីពិនិត្យទីតាំងដាក់បន្ថែមនូវម៉ាស៊ីនស្កេនកម្តៅ​ចំនួន៣​គ្រឿងទៀត នៅ​ច្រក​ចេញចូល VIP ចំនួន១គ្រឿង ​និងធម្មតាចំនួន២គ្រឿង ​ដើម្បីធ្វើការតាមដានសុខភាពអ្នកដំណើរ​ដែលចូលមក កាន់កម្ពុជា ​ជាពិសេសដើម្បីឲ្យប្រាកដប្រជាថា គ្រប់អ្នក ដំណើរដែលអញ្ជើញ​ចូល​មកកាន់កម្ពុជា មានកម្តៅធម្មតា ​ក្នុងករណីរកឃើញថា ​មានកើនកម្តៅរហូតដល់ ៣៧.៥អង្សា ក្រុម​គ្រូពេទ្យនឹងអញ្ជើញអ្នកដំណើរទៅពិនិត្យសុខភាព ​ដើម្បីរក្សាសុខភាពជូនគាត់។

ទន្ទឹមនឹងនោះក្រសួងសុខាភិបាល ក៏បានដាក់ម៉ាស៊ីន​ស្កេនកម្តៅ​នៅអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និងនៅតាមច្រកព្រំដែនអន្តរជាតិផងដែរ ​ដើម្បីប្រាកដប្រជាថា អ្នកធ្វើដំណើរ​ទស្សនកិច្ច​មកកម្ពុជា ​មកលេងបងប្អូននៅក្នុងឱកាសឆ្លងឆ្នាំសកល​ ពួកគាត់មានសុខភាពល្អ។

លោកស្រីវេជ្ជបណ្ឌិតរដ្ឋលេខាធិការ យក់ សម្បត្តិ ក្នុង នាមក្រសួងសុខាភិបាល ​ក៏ដូចជាថ្នាក់ដឹកនាំ តែងតែ​យក​ចិត្តទុកដាក់ ​ជាពិសេស​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​តែងតែ​អំពាវនាវដល់ប្រជាពលរដ្ឋ មាន ការប្រយ័ត្នប្រយែង​ និងអនុវត្តវិធានការ៣កុំ ៣ការពារ ​ជាពិសេសប្រជាពលរដ្ឋដែលមិនទាន់​ទទួល​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមអញ្ជើញទៅទទួលវ៉ាក់សាំង​នៅគ្រប់ទីកន្លែងដូចជា​នៅ​មណ្ឌលសុខភាពមន្ទីពេទ្យបង្អែក ដែលនៅជិតផ្ទះ​ ជាពិសេសបើប្រជាពលរដ្ឋអញ្ជើញទៅ​កម្សាន្តនៅទីតាំងរមណីយដ្ឋានផ្សេងៗ​ ត្រូវតែប្រយ័ត្នប្រយែង​ បើទោះបីថា​កម្ពុជា មានការ​ថមថយ​នូវអត្រាឆ្លងកូវីដ-19​ ប៉ុន្តែយើង​ត្រូវ​តែ​ប្រុងប្រយ័ត្ន៕

ដោយ៖ សូរិយា


ចែករំលែក៖