ខេត្តកំពត ៖ «កត្តាសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយដ៏រឹងមាំ និងកំណើនសេដ្ឋកិច្ចខ្ពស់ បានផ្តល់កាលានុវត្តភាពដ៏វិសេសវិសាលសម្រាប់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព មិនធ្លាប់មានពីមុនមកសម្រាប់ប្រទេសកម្ពុជា។ ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមអរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ! ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯកនៃនយោបាយឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញជូនជាតិនិងប្រជាជនកម្ពុជា មិនដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជារយៈពេលជាង ៤០០ ឆ្នាំចុងក្រោយនេះ»។ នេះគឺជាការថ្លែងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសចូលរួមជាគណៈអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ របស់មន្ទីរបរិស្ថាខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីលោក នៃ គង់ អភិបាលរងខេត្តកំពត និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណ ៣០០នាក់ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលសន្និសីទបូកគោ ទិរួមខេត្តកំពត។ ថ្ងៃទី២៩ ខែធ្នូ គឺជាខួបអនុស្សាវរីយ៍ ២៤ ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដែលដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន បញ្ចប់សង្គ្រាមស៊ីវិល និងនាំយកសុខសន្តិភាពពេញលេញជូនជាតិនិងប្រជាជនកម្ពុជា។
ជាមួយការវាយតម្លៃខ្ពស់ពីសមិទ្ធផលដែលមន្ទីរបរិស្ថានសម្រេចបាននាឆ្នាំ២០២២ កន្លងទៅ សម្រាប់ខេត្តកំពត លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយរយៈពេល ២៤ ឆ្នាំមកនេះ កម្ពុជាមានលទ្ធភាពពេញលេញធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ហើយសេដ្ឋកិច្ចមានកំណើនខ្ពស់ជាបន្តបន្ទាប់ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ជាមធ្យមក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ មុនមានវិបត្តិជំងឺកូវីដ-១៩។ ជាលទ្ធផល កម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចយ៉ាងលឿនបំផុត នៅលើពិភពលោក ប្រែក្លាយពីប្រទេសក្រីក្រដែលរងគ្រោះដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម មានចំណូលទាប មកជា ប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ ២០១៥ និងត្រូវបានប្រសិទ្ធនាមថា «ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី» នៅឆ្នំា២០១៦ ហើយកំពុងបោះជំហ៊ានឆ្ពោះទៅសម្រេចបាននូវឋានៈជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជា ប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ នេះ គឺជាបុរេលក្ខខណ្ឌមិនអាចខ្វះ សម្រាប់កិច្ចការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះនៅកម្ពុជា និងបានផ្តល់ឱកាសនិងធនធានដល់មន្ទីរបរិស្ថាន ខេត្តកំពតបំពេញការងារដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។
លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថាក្រោយពីកម្ពុជាងើបឡើងវិញពីផេះផង់ សមុទ្រឈាម ទឹកភ្នែក និងគំនរឆ្អឹងនៃសង្គ្រាមស៊ីវិល កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្កើតឡើងវិញនូវតំបន់ការពារធម្មជាតិ នៅក្នុងឆ្នាំ ១៩៩៣ ដោយមានឡាយព្រះហស្តលេខារបស់ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងការបង្កើតស្ថាប័នទទួលបន្ទុកវិស័យបរិស្ថាន ដែលជាការឆ្លុះបញ្ចាំងអំពីការគិតគូរជាយុទ្ធសាស្ត្រវែងឆ្ងាយក្នុងការរៀបចំកសាងសង្គមជាតិថ្មីជឿនលឿន។ លោកបានថ្លែងថា ដោយសារតែកត្តាសុខសន្តិភាពពេញលេញបានធ្វើឱ្យការគ្រប់ គ្រងនិងអភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ ហើយបច្ចុប្បន្ននេះ កម្ពុជាបានផ្លាស់ប្តូរបត់ថ្មីដោយប្រែក្លាយពីប្រទេសកាប់ឈើដើម្បីរកចំណូលសេដ្ឋកិច្ច មកជាប្រទេសដែលមានសមត្ថភាពពេញលេញលើការថែរក្សាព្រៃឈើឱ្យនៅឈរ ដើម្បីរកចំណូលសម្រាប់សង្គមតាមរយៈការលក់ឥណទានកាបូន និងទេសចរ ណ៍ធម្មជាតិ បង្កើតការងារនិងចំណូលជូនប្រជាពលរដ្ឋ។
លោកបានថ្លែងថា កត្តាសុខសន្តិភាព និងការអភិវឌ្ឍបានធ្វើឱ្យប្រជាពលរដ្ឋមានឱកាសក្នុងការស្គាល់ពីទឹកដីរបស់ខ្លួនតាមរយៈទេសចរណ៍ធម្មជាតិផ្សារភ្ជាប់និងទឹកដីនិងបានប្រែក្លាយរូបភាព ពីអតីតកាលនៅពេលកម្ពុជាមានសង្គ្រាម គឺពលរដ្ឋចូលព្រៃម៉ាគីដើម្បីតស៊ូប្រដាប់អាវុធ ច្បាំងគ្នា ប៉ុន្តែក្នុងសម័យតេជោសន្តិភាព ពលរដ្ឋចូលក្នុងព្រៃដើម្បីដើរកម្សាន្ត លំហែកាយ និងសិក្សាស្វែងយល់ពីជីវៈ ចម្រុះគ្រប់ប្រភេទដែលប្រទេសកម្ពុជាមាន។ លោក នេត្រ ភក្ត្រា បានបង្ហាញពីមោទកភាពដែលវិស័យបរិស្ថាន កិច្ចការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ត្រូវទទួលបានការយកចិត្តទុកដាក់ចាប់តាំងពីឆ្នាំ១៩២៥ មកម្ល៉េះ ដែលកម្ពុជាបានបង្កើតឧទ្យានជាតិអង្គរនៅឆ្នាំ១៩២៥ ដែលជាតំបន់ការពារធម្មជាតិទីមួយរបស់ព្រះរាជាណាចក្រកម្ពុជា និងទី១ នៅអាស៊ីអាគ្នេយ៍។ ក្រោយពីការងើបឡើងវិញពីផេះផង់ សមុទ្រឈាម និងគំនរឆ្អឹង នៃសង្គ្រាមស៊ីវិល កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបង្កើតឡើងវិញនូវតំបន់ការពារធម្មជាតិ នៅក្នុងឆ្នាំ ១៩៩៣ ដោយមានឡាយព្រះហស្តលេខារបស់ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងការបង្កើតស្ថាប័នទទួលបន្ទុកវិស័យបរិស្ថានដែលជាការឆ្លុះបញ្ចាំងអំពីការគិតគូរជាយុទ្ធសាស្ត្រវែងឆ្ងាយក្នុងការរៀបចំកសាងសង្គមជាតិថ្មីជឿនលឿន។
លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ក្រសួងបរិស្ថានបាននិងកំពុងចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោ បាយវិមជ្ឈការនិងវិសហមជ្ឈការ ដោយបានធ្វើការផ្ទេរជាជំហានៗនូវមុខងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ជាពិសេស ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យដល់មូលដ្ឋាន ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។ ជាមួយគ្នានេះដែរ ក្រសួងបរិស្ថានក៏បានរៀបចំលិខិតបទដ្ឋានគតិយុត្តសំខាន់ៗធ្វើការផ្ទេរធនធានចាំបាច់មួយចំនួននិងរៀបចំវគ្គបណ្តុះបណ្តាលនានា ដើម្បីជួយគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តមុខងារដែលបានផ្ទេរជូន។ ក្រសួងក៏បានសហការជាមួយក្រសួងមហាផ្ទៃ ធ្វើការកែសម្រួល«គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែមានបច្ចុប្បន្នភាព និងលក្ខណៈគ្រប់ជ្រុងជ្រោយ ដោយដាក់បញ្ចូលបន្ថែមនូវលក្ខខណ្ឌបរិស្ថានមួយចំនួន៕
ដោយ : សហការី