ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែការពារ Reece James របស់ Chelsea ត្រូវអវត្តមានរហូតដល់៤សប្តាហ៍ដោយសាររបួសជង្គង់

ចែករំលែក៖

ខ្សែការពារ Reece James របស់ក្លិប Chelsea នឹងត្រូវអវត្តមានពី៣ទៅ៤សប្តាហ៍ជាមួយនឹងរបួសជង្គង់អំឡុងពេលប្រកួតឈ្នះ ២-០ នៅក្របខ័ណ្ឌ Premier League លើក្រុម Bournemouth កាលពីថ្ងៃអង្គារ។

កីឡាករជម្រើសជាតិអង់គ្លេស James ដែលខកខានការប្រកួត World Cup ដោយសាររបួសជង្គង់ដូចគ្នានោះ ត្រូវប្ដូរចេញនៅនាទីទី៥៣។ នេះជា​ការ​ប្រកួត​លើក​ដំបូង​របស់​គេ​ចាប់​តាំង​ពី​ការ​វិល​ត្រឡប់​ពី​របួស​នោះ។

កាលពីថ្ងៃពុធកីឡាករវ័យ២៣ឆ្នាំរូបនេះបានបង្ហោះនៅលើ Twitter ថា “ឆ្នាំ២០២២គឺជាឆ្នាំដ៏លំបាកបំផុតរហូតមកដល់បច្ចុប្បន្ន”។

ភ្លាមៗបន្ទាប់ពីការប្រកួតកាលពីថ្ងៃអង្គារ អ្នកចាត់ការក្រុម Chelsea លោក Graham Potter បាននិយាយអំពីរបួសថា “យើងសង្ឃឹមថាវាមិនអាក្រក់ដូចវាទេ ហើយគាត់អាចជាសះស្បើយយ៉ាងឆាប់រហ័ស” ។

ទន្ទឹមនឹងនេះដែរ Chelsea បានប្រកាសថា ពួកគេមានកិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិកូតឌីវ័រ David Datro Fofana ពីក្លិប  Molde នៅថ្ងៃទី១ ខែមករាខាងមុខនេះ។

Fofana វ័យ២០ឆ្នាំបានស៊ុតបញ្ចូលទី១៥គ្រាប់ក្នុង២៤ប្រកួតលីកសម្រាប់ក្រុម Molde ក្នុងឆ្នាំ២០២២៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖