ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០២២ មានហេតុការណ៍ប្រជ្រៀតជាន់លើគ្នាបណ្តាលឱ្យមានអ្នកស្លាប់ជាច្រើន

ចែករំលែក៖

នៅក្នុងឆ្នាំ២០២២នេះ មានសោកនាដកម្មប្រជ្រៀតជាន់លើគ្នា ជាច្រើនករណីបណ្តាលឱ្យមានអ្នកស្លាប់និងរបួសរាប់សិបនាក់។ ក្នុងចំណោមករណីនោះ មានពីរករណីធំៗជាងគេ គឺនៅក្នុងប្រទេស ឥណ្ឌូនេស៊ី និងហ្វីលីពីន ដែលបានសម្លាប់មនុស្សសរុបរាប់រយនាក់ ។
នៅឥណ្ឌូណេស៉ី៖ ហេតុការណ៍មនុស្សរត់ជាន់គ្នាស្លាប់ចំនួនយ៉ាងហោចណាស់១៣៥នាក់
បានកើតឡើងកាលពីយប់ថ្ងៃទី១ ខែតុលា នៅពេលក្រុមអ្នកគាំទ្របាននាំគ្នាចូលអុកឡុកទីលានបាល់ទាត់ ក្រោយចប់ការប្រកួតមួយដែលប្រព្រឹត្តទៅនៅកីឡដ្ឋានកាន់ជូរូហាន់ (Kanjuruhan) ក្នុងទីក្រុងម៉ាឡាង (Malang) នៃខេត្តជ្វាខាងកើត ហើយត្រូវកងកម្លាំងប៉ូលិសរក្សាសន្តិសុខបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបង្រ្កាប។
ក្រៅពីនេះ មានមនុស្សប្រហែល៥៨៣នាក់ផ្សេងទៀតបានទទួលរងរបួស។ វាគឺជាហេតុការណ៍សោកនាដកម្មដែលមានមនុស្សស្លាប់ច្រើនបំផុតទី២ក្នុងប្រវត្តិសាស្រ្តកីឡាបាល់ទាត់នៅលើពិភពលោក បន្ទាប់ពីមហន្តរាយនៅកីឡដ្ឋាន អេស្តាឌីអូ ណាសិនណាល់ (Estadio Nacional) ក្នុងប្រទេសប៉េរូ កាលពីឆ្នាំ១៩៦៤ ដែលបានផ្តាច់ជីវិតមនុស្ស៣២៨នាក់ ក្នុងស្ថានភាពស្រដៀងគ្នា។

នៅប្រទេសកូរ៉េខាងត្បូង៖ នៅយប់ថ្ងៃទី២៩ ខែតុលា ហេតុការណ៍សង្កត់ជាន់លើគ្នាស្លាប់យ៉ាងរង្គាល បានកើតឡើងអំឡុងពេលមនុស្សក្នុងចំនួនច្រើនជាទីបំផុតបានទៅប្រមូលផ្តុំណែនតាន់តាប់ក្នុងសង្កាត់អ៉ីតែវ៉ុន (Itaewon) នៃរដ្ឋធានីសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង ដើម្បីអបអរឱកាសបុណ្យ Halloween ដែលជាលើកដំបូងគិតចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩។ បើតាមការប៉ាន់ស្មាន មនុស្សរហូតដល់ជាង១០០,០០០នាក់ មានវត្តមាននៅសង្កាត់អ៉ីតែវ៉ុន នាពេលនោះ។ តួលេខនៃអ្នកស្លាប់ក្នុងហេតុការណ៍គឺ ១៥៨នាក់ និងរបួស១៩៦នាក់ ដោយភាគច្រើនគឺជាអ្នកមានវ័យក្រោម៣០ឆ្នាំ។ វាគឺជាគ្រោះមហន្តរាយដែលសម្លាប់មនុស្សច្រើនបំផុតនៅកូរ៉េខាងត្បូង គិតចាប់តាំងពីហេតុការណ៍លិចស្រឡាង MV Sewol កាលពីឆ្នាំ២០១៤ ដែលមានមនុស្ស៣០៦នាក់ស្លាប់ ភាគច្រើនជាសិស្សសាលា៕ ដោយ៖ ធីរីណា

រូប​ថត​ ៖  TTXVN-VNA


ចែករំលែក៖