ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់​និង​របួស​១៥​នាក់​ ក្នុងករណីគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៩​ ខែធ្នូ​នេះ​ កើតឡើង​៨​លើក​ !!!

ចែករំលែក៖

​ភ្នំពេញ​៖​ យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នារសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ នាថ្ងៃ​ទី​២៩​ ធ្នូ​​នេះ​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​ចំនួន​៨​នាក់​ របួសធ្ងន់​ចំនួន​ ៥​នាក់​(​ស្រី​១​នាក់​)​ និង​របួសស្រាល​ចំនួន​ ២​នាក់​ ។​ ដូច្នេះ​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ 

​របាយការណ៍ដដែល​ បាន​គូសបញ្ជាក់​ថា​ ករណី​គ្រោះថ្នាក់​ដែល​បង្ក​ឱ្យមាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​១៥​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​៨​លើក​។ 

សូមជម្រាបជូនថា​ បេីយោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​​ផ្លូវគោក​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ​ ក៏បានបង្ហាញ​ពីលទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ ​រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​៣៤៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​។ 

ជាមួយគ្នានោះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ ដេីម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ និង​ការ​ពារ​ជីវិត​របស់​លោក​អ្នក​ ព្រមទាំង​ក្រុមគ្រួសារ​៕

ដោយ​៖សហការី​(រូបភាព៖ ឯកសារ)


ចែករំលែក៖