ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលទេីបទទួលបាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជាក់ថា៖ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមានោះ កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នឹងដាក់ឱ្យដំណើរការអនុវត្តពេញលេញជាផ្លូវការ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ស្អែកនេះតទៅ។
ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មាត្រា៤៣ និងមាត្រា៤៤ និងអនុលោមតាមប្រកាសអន្តរក្រសួង លេខ ២៣១៣ ប្រក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ស្តីពីការពិន័យជាប្រាក់ចំពោះអំពើល្មើសនឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងប្រកាសអន្តរក្រសួងលេខ១៧៦ ប្រក.សក.ដជក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពី នីតិវិធីនៃកាំរដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ។
ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក… សំដៅកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា ក៏ដូចជាការបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការបង់ ប្រាក់ពិន័យអំពើល្មើសំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងធានាតម្លាភាពក្នុងការពិន័យអន្តរការណ៍ចំពោះអំពើ ល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការជូនដំណឹង ដល់សាធារណជនមេត្តាជ្រាបដូចតទៅ៖
១.កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ ផ្លូវគោក ដែលរៀបចំដោយក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យដំណើរការអនុវត្ត សាកល្បងនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ ហើយនឹងដំណើរការអនុវត្តពេញលេញ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។
២.ការដកពិន្ទុបណ្ណបើកបរ និងការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្តដោយឧបករណ៏បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មានរក្សាទុកក្នុងប្រព័ន្ធ។ ដូចនេះ សូមអ្នកបើកបរ យានយន្តគ្រប់រូបយកតាមខ្លួននូវបណ្ណបើកបរយានយន្ត(ច្បាប់ដើម) ដើម្បីផ្ដល់ជូនសមត្ថកិច្ចត្រួតពិនិត្យ និង អនុវត្តការដកពិន្ទុ ក្នុងករណីមានការប្រព្រឹត្តល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
៣.ការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អាចបង់ប្រាក់នៅតាម បញ្ឈរទ្រូម៉ាន់នីឬភ្នាក់ងារទ្រូម៉ាន់នី ឬ តាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រុមហ៊ុនទ្រូម៉ាន់នី (TrueMoney. Mobile App) បន្ថែមលើការបង់ប្រាក់ដោយផ្ទាល់នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសំដែងនូវសេចក្តីសង្ឃឹម និងជឿជាក់លើការចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះ ពីសំណាក់អ្នកបើកបរយានយន្តគ្រប់រូប។
គួរបញ្ជាក់ដែរថា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍នេះ បានដាក់ឱ្យអនុវត្តន៍សាកល្បងកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ នៅតាមគោលដៅមួយចំនួន ដែលគិតមកទល់ពេលនេះមានរយៈពេល ៤ខែហើយ និងមានបណ្ណបើកបរប្រមាណ ២៣ ០១៥បណ្ណ ត្រូវបានដកពិន្ទុផងដែរ៕
ដោយ៖សហការី