ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឃើញ និងតាមដានបណ្ដាញព័ត៌មានសង្គម មានគណនីហ្វេសប៊ុកឈ្មោះ «សុខ ទូច» បានចុះផ្សាយកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នូវអត្ថបទមួយថា «ដុតរថយន្តចោលដោយសារដឹកឈើ មនុស្សទេជាអ្នកធ្វើទុកទាំងឈើទុកទាំងរថយន្ត ចាប់មនុស្សខុសច្បាស់នោះដាក់គុកវិញទើបត្រូវ រថយន្តគ្មានវិញ្ញាណ និងមិនមានជីវិតទេ»។ នេះបេីយោងតាមគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅរសៀលថ្ងៃសៅរ៍ទី៣១ ខែធ្នូ ឆ្នាំ២០២២។
ជុំវិញចំណុចនេះ មានការបញ្ចេញយោបល់នៅក្នុងនោះមាន (76 Comments) គណៈកម្មការជាតិ បានតាមដានមើលការបញ្ចេញយោបល់នីមួយៗ ហើយយោបល់ទាំងនោះភាគច្រើន មានការបំផ្លើសញុះញង់ យោបល់គ្មានវិជ្ជាជីវៈ និងអសីលធម៌ ដោយសារបញ្ចេញយោបល់មិនថ្លឹងថ្លែងរកការពិត និងមិនទាន់យល់ច្បាស់ពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមជម្រាបសាធារណជន អ្នកសារព័ត៌មាន បុគ្គលដែលបានបញ្ចេញយោបល់ និងគណនីហ្វេសប៊ុកឈ្មោះ «សុខ ទូច» ថា គណៈកម្មការជាតិ បានបំពេញតួនាទី ភារកិច្ចតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាប់ពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន គឺស្របនឹងច្បាប់ស្តីពីព្រៃឈើ, ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ, ក្រមនីតិវិធីព្រហ្មទណ្ឌ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ។ល។
សូមបញ្ជាក់ថា គណៈកម្មការជាតិ មានសមាសភាពគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងនោះក៏មាន តំណាងក្រសួងយុត្តិធម៌ផងដែរ។ ការអនុវត្តការងារមានយុទ្ធសាស្ត្រ ផែនការ កម្មវិធីច្បាស់លាស់តាមដំណាក់កាលនីមួយៗ មានការអប់រំ ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធធនធានធម្មជាតិជាសាធារណៈដើម្បីឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងចុងក្រោយដោយសារបុគ្គលមួយចំនួនមិនរាងចាលនៅតែបន្តប្រព្រឹត្តបទល្មើស ទើបឈានដល់ការអនុវត្តច្បាប់ ព្រមទាំងធ្វើការបំផ្លាញចោលនូវមធ្យោបាយដែលមានគោលដៅបំផ្លាញព្រៃឈើ ទប់ស្កាត់ឧក្រិដ្ឋកម្មព្រៃឈើ រក្សាបានព្រៃឈើគង់វង្ស ដោយអនុលោមតាមមាត្រា១១៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ «… វត្ថុដែលមានគ្រោះថ្នាក់ចំពោះមនុស្ស ឬចំពោះទ្រព្យសម្បត្តិ … ព្រមទាំងវត្ថុដែលបានកាន់កាប់ដោយខុសច្បាប់ មិនអាចប្រគល់ឱ្យវិញបានទេ។ វត្ថុទាំងនោះត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋ ឬត្រូវបំផ្លាញចោល …។
មធ្យោបាយដែលគណៈកម្មការជាតិបំផ្លាញចោលតាមច្បាប់កន្លងទៅ ជាមធ្យោបាយកែច្នៃខុសលក្ខណៈបច្ចេកទេសសម្រាប់ដឹកឈើខុសច្បាប់តែប៉ុណ្ណោះ និងល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហើយមិនមែនជាមធ្យោបាយអាចប្រើប្រាស់ជាប្រយោជន៍សង្គមជាតិនោះទេ។ សូមបុគ្គលដែលបញ្ចេញយោបល់ទាំងអស់ មេត្តាយកចំណេះវិជ្ជាដែលបានរៀនសូត្រពិចារណាសិន មុននឹងបញ្ចេញយោបល់ក្នុងន័យស្ថាបនា។
កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មការជាតិ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារដោយបូកសរុបលទ្ធផលការងារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។
ក្នុងកិច្ចប្រជុំក៏បានវាយតម្លៃ សន្និដ្ឋាននូវសភាពការណ៍បទល្មើសធនធានធម្មជាតិនៅកើតមាន ប៉ុន្តែបានផ្លាស់ប្ដូរពីទ្រង់ទ្រាយធំ ទៅជារូបភាពតូចៗជាជីវភាពលក្ខណៈគ្រួសារ ប្រពៃណី…។ ទោះយ៉ាងណា គណៈកម្មការជាតិបានដាក់ចេញទិសដៅបន្ត៖ ក្រសួង សា្ថប័ន អាជ្ញាធរ កងកម្លាំង និងមន្ត្រីជំនាញពាក់ព័ន្ធ បន្តពង្រឹងទប់ស្កាត់ឈើដែលនៅក្នុងព្រៃ ត្រួតពិនិត្យឈើ តាមដេប៉ូ តាមសិប្បកម្មកែច្នៃដែលប្រមូលទិញឈើដោយខុសច្បាប់។ ទប់ស្កាត់ឈើ និងធ្យូងដែលឆ្លងកាត់ព្រំដែនព្រមទាំងត្រូវបង្ក្រាបមេក្លោង ដែលផ្តល់ធនធាន មធ្យោបាយ និងប្រមូលទិញឈើដោយខុសច្បាប់៕
ដោយ៖សហការី