ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ ២០២២ទី(៤)

ចែករំលែក៖

ភ្នំពេញ ៖ ទី(៤)ថ្នាក់ដឹកនាំចិនអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា

ឆ្នាំ២០២២ កម្ពុជាធ្វើជាប្រធានប្តូរវេននៃអាស៊ាន។ ការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំចិននៅក្នុងកិច្ចប្រជុំពាក់ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា បានរួមជាកម្លាំងក្នុងការដឹកនាំទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ បានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញវិបុលភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់ ការពារសន្តិភាពនិងស្ថិរភាពពិភពលោក។ ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែវិច្ឆិកា លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពាក់ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានៅរាជធានីភ្នំពេញ។ ក្នុងអំឡុងពេលនោះ កិច្ចប្រជុំថ្នាក់ដឹកនាំចិន-អាស៊ានលើកទី២៥ បានអនុម័តលើឯកសារសមិទ្ធផលមានដូចជា"សេចក្តីថ្លែងការណ៍រួមចិន-អាស៊ានស្តីពីការពង្រឹង ការអភិវឌ្ឍរួម និងប្រកបដោយចីរភាព", "សេចក្តីថ្លែងការណ៍រួមរំឭកខួបអនុស្សាវរីយ៍លើកទី២០នៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីប្រតិបត្តិនៃបណ្ដាភាគីនៅសមុទ្រចិនខាងត្បូង(DOC)", "សេចក្តីថ្លែងការណ៍រួមចិន-អាស៊ានស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខស្បៀងអាហារ"។ កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ចិន ជប៉ុន និងកូរ៉េខាងត្បូងលើកទី២៥ បានចេញនូវ”កញ្ចប់ឯកសារខួបអនុស្សាវរីយ៍លើកទី២៥នៃកិច្ចសហប្រតិបត្តិការ១០+៣”។ ពីថ្ងៃទី៤ដល់ថ្ងៃទី៦ខែសីហា លោក Wang Yi ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពាក់ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានៅរាជធានីភ្នំពេញ។ ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ខែវិច្ឆិកា លោក Wei Fenghe ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិនបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក នៅខេត្តសៀមរាប៕

ដោយ ៖ សិលា


ចែករំលែក៖