ខេត្តកំពង់ចាម ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយខ្លះបានឱ្យដឹងថា, ពិតជាគួរឱ្យរន្ធត់ណាស់ ដោយម្ដាយនិងកូនខណៈកំពុងតែជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមផ្លូវថ្នល់ ក៏ស្រាប់តែត្រូវរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ បើកបុកពេញទំហឹងបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ នៅលើផ្លូវក្រាលកៅស៊ូថ្មី ស្ថិតក្នុងភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ហើយរថយន្តនោះក៏បានបើកធ្លាក់ផ្លូវរួចបុកដើមឈើធ្វើឱ្យបាក់មួយដើមទៀត ទើបរថយន្តទៅមុខលែងរួច ។ ចំណែកអ្នកបើករថយន្តវ័យ៧២ឆ្នាំក៏ត្រូវបានកម្លាំងជំនាញចរាចរណ៍ធ្វើការឃាត់ខ្លួនផងដែរដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយ តាមនីតិវិធី ។
អធិការរងនគរបាលស្រុកចំការលើ លោក សន ពុទ្ធថា ទទួលផែនសណ្ដាប់ធ្នាប់បានប្រាប់ឲ្យដឹងថា ម៉ូតូមួយគ្រឿងជិះគ្នា២នាក់ម្ដាយនិងកូន ដោយបើកបរក្នុងទិសដៅពីត្បូងមកជើងអែបស្ដាំដៃ ។ ចំណែករថយន្តវិញបានបើកក្នុងទិសដៅច្រាសគ្នា។ លុះមកដល់ចំណុចកើតហេតុភូមិបុសថ្លាន់ ឃុំស្វាយទាប ក៏បានបុកម៉ូតូពេញទំហឹងជាហេតុធ្វើឲ្យម្ដាយនិងកូនផ្លោងចេញពីម៉ូតូបាត់បង់ជីវិតភ្លាមៗនៅនឹងកើតហេតុតែម្ដង។
លោកអធិការរងទទួលផែនសណ្ដាប់ធ្នាប់ បានប្រាប់បន្តឱ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញចរាចរណ៍បានចុះទៅដល់កន្លែងកើតហេតុ និងបានរង់ចាំជំនាញការិយាល័យផែនសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្ត សហការគ្នាចុះវាស់វែង ហើយឃើញថា ចំណុចកើតហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺនៅស្ដាំដៃម៉ូតូ ហើយស្ថិតនៅចំណុចផ្លូវរាងកោងទៀតផង។
សូមបញ្ជាក់ថា រថយន្តបង្កខាងលើម៉ាក TOYOTA LAND CRUISER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ.2AK- 2546 បើកបរដោយឈ្មោះ លឹម តារាមាណី ភេទប្រុស អាយុ៧២ឆ្នាំ អ្នករួមដំណើរម្នាក់មានឈ្មោះ លឹម ទេវី ភេទស្រី អាយុ៦៦ឆ្នាំ ទាំង០២នាក់រស់នៅភូមិ១១ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបើកបរពីជើងទៅត្បូង ក៏បានបុកប៉ះនឹងម៉ូតូ០១គ្រឿង ម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ចាម1I-0704 បើកបរដោយឈ្មោះ ហ៊ន ញ៉ាញ់ ភេទស្រី អាយុ២៩ឆ្នាំ អ្នករួមដំណើរម្នាក់មានឈ្មោះ អេន ឆេងគ័ង្គ ភេទប្រុស អាយុ០៤ឆ្នាំ ទាំង០២នាក់រស់នៅភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បើកបរពីត្បូងទៅជើង បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត២នាក់ម្តាយនិងកូន នៅកន្លែងកើតហេតុ និងធ្វើឱ្យម៉ូតូ០១គ្រឿងរងការខូចខាតធ្ងន់ ចំណែករថយន្តវិញរងខូចខាតស្រាល ហើយក្រោយពេលកើតហេតុ អ្នកបើកបររថយន្តមិនបានរត់ទៅណានោះទេ បន្ទាប់មកត្រូវបានកម្លាំងជំនាញចរាចរណ៍ចុះមកដល់ធ្វើការឃាត់ខ្លួន រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីសួរនាំ ។
មន្ត្រីជំនាញចរាចរណ៍បានបញ្ជាក់ថា ក្រោយពិនិត្យកន្លែងកើតហេតុចប់សព្វគ្រប់ សាកសាពជនរងគ្រោះទាំងម្ដាយនិងកូន ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបររថយន្តវិញ ត្រូវបានរៀបចំបែបបទកសាងសំណុំរឿងបញ្ជូនឲ្យទៅតំណាងអយ្យាការ ដើម្បីចាត់ការតាមនីតិវិធី។
ជាមួយនោះដែរ គេក៏បានឃើញភាគីខាងរថយន្តជួយចាត់ចែងថវិកា ដើម្បីចូលរួមចំណែកបុណ្យសពរបស់ជនរងគ្រោះទាំង២នាក់ផងដែរ។
សូមបញ្ជាក់ថា, អ្នកបើកបររថយន្ត មានអាយុចាស់ជរា មិនត្រូវអនុញ្ញាតឲ្យគាត់បើកបរ ខណៈអាយុ ៧២ឆ្នាំ អាចគ្រប់គ្រងស្ថានភាព បញ្ជារថយន្តនៅលើដងផ្លូវបានឡើយ។ នេះជាបញ្ហាគ្រោះថ្នាក់បំផុត ជាក់ស្ដែងជនរងគ្រោះម្ដាយនិងកូនបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារតែរថយន្តបើកបុកពេញទំហឹង ៕
ដោយ ៖ សហការី