ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈពេលបើករថយន្តលឿន មិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាល ម៉ោង១០យប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាសពមានឈ្មោះ ឃ្លាំង ថន អាយុ៦៥ឆ្នាំ រសនៅឃុំកំពង់ចំឡង ស្រុកស្វាយរៀង ខេត្ត ស្វាយរៀង។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2E-1251 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមដងផ្លូវជាតិលេខ៥ ទិសដៅពីជើងមកត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ចំណែកឯអ្នកបើករថយន្តបានស្លាប់នៅក្នុងរថយន្តភ្លាមៗ ខណៈពេលប្រជាពលរដ្ឋជួយសង្គ្រោះដែរ តែដោយសភាពរបួសធ្ងន់ធ្ងរពេក។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឬស្សីកែវ បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តបង្ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ