ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ទៅពលរដ្ឋ ស្តីពីការបញ្ចៀសចរាចរក្នុងអំឡុងពេលប្រារព្ធពិធីមីទ្ទិញ អបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា

ចែករំលែក៖

ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញ សូម ជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៦:៣០នាទី គណបក្សប្រជាជនកម្ពុជា នឹងរៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (០៧-០១-១៩៧៩~០៧-០១- ២០២៣) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

     ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀស ចរាចរចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីសម្ដេចសុធា រស ចាប់ពីស្តុបជលផល ដល់ផ្លូវឧកញ៉ាឈុន (ផ្លូវលេខ២៤០) កំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីរង្វង់មូលសម្តេចសង្ឃជួនណាត ដល់ផ្លូវឧកញ៉ាឈុន (ផ្លូវ លេខ ២៤០) កំណាត់មហាវិថីព្រះសុរាម្រឹត ចាប់ពីនាគបាញ់ទឹក ដល់វិមានឯករាជ្យ កំណាត់មហាវិថីព្រះសីហនុ ចាប់ពីវិមានឯករាជ្យ ដល់នាគបាញ់ទឹក និងផ្លូវជុំវិញទីតាំងប្រារព្ធពិធីរហូតដល់ពិធីត្រូវបានបញ្ចប់។

      អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើតាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេល ហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។

    ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពាក់ព័ន្ធ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ សំរិត


ចែករំលែក៖