សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរអ៊ុយក្រែនបាននិយាយនៅថ្ងៃចន្ទនេះថា រុស្ស៉ីបានបើកការវាយប្រហារដោយប្រើប្រាស់យន្ដហោះដ្រូនជាបន្តបន្ទាប់មកលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងរដ្ឋធានីកៀវ និងតំបន់នៅជុំវិញ ដែលនេះជាការវាយប្រហារថ្ងៃទី២ជាប់ៗគ្នាៗ បន្ទាប់ពីការបាញ់ស្រោចមីស៊ីលលើរដ្ឋធានីមួយនេះកាលពីថ្ងៃឆ្លងឆ្នាំថ្មី។
អភិបាលរដ្ឋធានីកៀវ លោក អូឡិចស៊ី គូលេបា (Oleksiy Kuleba) បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម Telegram ដោយលោកបាន បញ្ជាក់ដូច្នេះថា «មានសំឡេងផ្ទុះយ៉ាងខ្លាំងនៅក្នុងរដ្ឋធានី និងតំបន់នៅជុំវិញដោយការវាយប្រហារពីយន្ដហោះដ្រូនសាហ៊ីដ (Shahed, ផលិតដោយអ៉ីរ៉ង់) ពីសំណាក់រុស្ស៉ី ដែលមានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ»។
ដោយឡែក បើតាមយោធាអ៊ុយក្រែន នៅត្រឹមម៉ោង៣ទៀបភ្លឺ (ម៉ោងក្នុងតំបន់) ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់យន្ដហោះដ្រូន១៦គ្រឿងនៅលើដែនអាកាសនៃរដ្ឋធានីកៀវ ខណៈដែលស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេងឡើងក្នុងរយៈពេលជាង៣ម៉ោង ហើយបំណែកយន្ដហោះដ្រូនដែលត្រូវបានបាញ់ទម្លាក់បានធ្លាក់នៅភាគឦសាននៃរដ្ឋធានីដោយបណ្ដាលឱ្យមនុស្សម្នាក់រងរបួស។
បន្ថែមពីលើនេះ យោធាអ៊ុយក្រែនប្រចាំតំបន់ភាគខាងកើតនៃប្រទេស ក៏បានអះអាងផងដែរថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូនអ៉ីរ៉ង់ Shahed ចំនួន៩គ្រឿងនៅលើដែនអាកាសនៃតំបន់ឌីនីប្រូប៉េត្រូវស្កិ៍ (Dnipropetrovsk) និងហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) នៅព្រឹកព្រលឹមថ្ងៃចន្ទនេះ៕
រូបថត៖ AP
ដោយ៖ ធីរីណា(រូបថត ៖ Getty)