ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប ៩៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦២៣គ្រឿង ម៉ូតូចំនួន ៦០៧គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២១០គ្រឿង មានម៉ូតូចំនួន ១៩៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១ថ្ងៃនៃខែមករានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
ជាមួយគ្នានេះ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០១ ខែមករានេះដែរ បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៨នាក់(ស្រី៣នាក់) របួសធ្ងន់ចំនួន ១២នាក់(ស្រី៣នាក់) និងរបួសស្រាលចំនួន ៩នាក់(ស្រី៥នាក់) ។ ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០១ ខែមករា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសចំនួន២៩នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន១៣លើក ៕
ដោយ៖ស តារា(រូបភាព៖ ឯកសារ)