ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវពីរក្រុមបើកឆាកប្រយុទ្ធកាប់ចាក់គ្នាបណ្តាលឱ្យរងរបួសធ្ងន់ពីរនាក់និងបីនាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

   ខេត្តបាត់ដំបង៖ ក្មេងស្ទាវពីរក្រុមបានបើកឆាកប្រយុទ្ធកាប់ចាក់គ្នាទៅវិញទៅមកបណ្តាលឱ្យរងរបួសធ្ងន់២នាក់និង៣នាក់ទៀតត្រូវបានសមត្ថលិច្ចឃាត់ខ្លួនក្នុងចំណោមបក្សពួក១០នាក់។

   យោងតាមរបាយការណ៍របស់កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនដែលអង្គភាពយើងទើបតែទទួលបាននៅរសៀលថ្ងៃទី០២ខែមករាឆ្នាំ២០២៣នេះបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល ២៣និង០៥នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចបុរីងិនវ៉ិត ស្ថិតក្នុងក្រុមទី០៦  ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន  ខេត្តបាត់ដំបងមានក្រុមក្មេងស្ទាវ២ក្រុមបានធ្វើសកម្មភាពប្រដាប់ដោយកាំបិតវាយនិងកាប់គ្នាទៅវិញទៅមកបណ្តាលឱ្យមានអ្នករងរបួសធ្ងន់២នាក់។

   សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនសង្ស័យទាំងពីរក្រុម ក្នុងនោះក្រុមទី១មានគ្នា០៤នាក់  ដែលទី១-ឈ្មោះ ឡុង ឬ ខ្លុង ភេទប្រុស អាយុប្រហែល ៣១ឆ្នាំ ស្នាក់នៅបណ្តាះអាសន្នក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង (ជាជនដៃដល់)បានធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់ទៅលើបក្សពួកម្ខាងទៀតបណ្តាលឱ្យរងរបួសចំនួន២នាក់ រួចរត់គេចខ្លួនបាត់, ទី២-ឈ្មោះ ប៉ោ ពៅ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅបណ្តាះអាសន្នក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន   ខេត្តបាត់ដំបង( ជាបក្សពួក )រងរបួស ដាច់ដៃខាងឆ្វេង (ដាច់ប្រអប់ដៃ)ធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ទី៣-ឈ្មោះ ជៀវ វី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅបណ្ដោះអាសន្នក្នុងភូមិវាលវង់  ឃុំតាស្ដា  ស្រុកសំពៅលូន ខេត្តបាត់ដំបង  បក្សពួករងរបួសថ្ងាសស្រាល (ឃាត់ខ្លួនបាន), ទី៤-ឈ្មោះ ខ្លី ភេទប្រុស អាយុប្រហែល ៣២ឆ្នាំ មានទីលំនៅបណ្ដោះអាសន្នក្នុងភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន  ខេត្តបាត់ដំបង ជាបក្សពួក(គេចខ្លួនបាត់ ) ។   

   ចំណែកក្រុមទី២មានគ្នា៦នាក់ដែលទី១-ឈ្មោះ ខែម សុខា ហៅ កាត់ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង  រងរបួសក្បាលពីលើមធ្យម និងជាជនដៃដល់បានយកកាំបិតផ្គាក់កាប់ទៅលើបក្សពួកម្ខាងទៀតបណ្តាលឱ្យរងរបួសដាច់ដៃធ្ងន់  (ឃាត់ខ្លួនបាន), ទី២-ឈ្មោះ ផែន សម្បត្តិ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិវាលវង់ ឃុំតាស្តា  ស្រុកសំពៅលូន  ខេត្តបាត់ដំបង ជាបក្សពួក រងរបួសចង្អុលដៃខាងស្តាំមធ្យម (ឃាត់ខ្លួនបាន),  

ទី៣-ឈ្មោះ  ហើម ភេទប្រុស អាយុ  ប្រហែល៣០ឆ្នាំ មានទីលំនៅក្មុងភូមិវាលវង់  ឃុំតាស្ដា  ស្រុកសំពៅលូន  ខេត្តបាត់ដំបង បក្សពួក (គេចខ្លួនបាត់)

ទី៤-ឈ្មោះ  ប៉ាវ  ភេទប្រុស អាយុ  ប្រហែល១៨ឆ្នាំ មានទីលំនៅក្មុងភូមិវាលវង់  ឃុំតាស្ដា  ស្រុកសំពៅលូន  ខេត្តបាត់ដំបង បក្សពួក(គេចខ្លួនបាត់)  និងបក្សពួកចំនួន០២នាក់ទៀត មិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត។

    សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ កាំបិតផ្គាក់ដងដែកចំនួន០១ , ម៉ូតូម៉ាក MSX ពណ៌ខៀវ គ្មានស្លាកលេខចំនួន ០១គ្រឿង និងទូរស័ព្ទដៃចំនួន០៣គ្រឿងផងដែរ។

   ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីនិងបន្តការស្រាវជ្រាវរកបក្ខពួកបន្តទៀត៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖