ភ្នំពេញ ៖ លោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានផ្ញើលិខិតថ្លែងអំណរគុណ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់!
ខ្ញុំបាទ ឆាយ សុផល ត្រូវជាកូននៃសព ឧបាសក ឆាយ ធិរិទ្ធ និងជាតំណាងក្រុមគ្រួសារ សូម គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល សម្តេចទាំងទ្វេ បានផ្ដល់មហាកិត្តិយសដ៏ឧត្ដុង្គឧត្តម ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារខ្ញុំបាទ តាមរយៈសាររំលែកទុក្ខ ចំពោះមរណភាពរបស់ ឧបាសក ឆាយ ធីរិទ្ធ ដែលបានទទួលមរណភាព កាលពី វេលាម៉ោង ១១៖៥៥ នាទី នាព្រឹកថ្ងៃអាទិត្យ ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។
ខ្ញុំបាទសូមសម្តែងនូវការគោរព និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ សម្តេចតជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ញើសាររំលែកទុក្ខនេះដល់រូបខ្ញុំបាទ និងក្រុមគ្រួសារ។ សារលិខិតរបស់ សម្ដេចតេជោ ពិតជាមហាកិត្តិយសបំផុតសម្រាប់ខ្ញុំបាទ និងក្រុមគ្រួសារ ហើយយើងខ្ញុំទាំងអស់គ្នាមិនអាច បំភ្លេចបាននូវសន្តានចិត្តដ៏ប្រពៃថ្លៃថ្លារបស់ សម្តេចតជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានឡើយ។
ខ្ញុំបាទ និងក្រុមគ្រួសារ សូមបួងសួងដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមតាមជួយបីបាច់ ថែរក្សា និងប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការ ជូន សម្តេចតេជោនាយករដ្ឋមន្តី្រ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមសមប្រកបដោយពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ក្នុងឆ្នាំថ្មី ២០២៣ និងតរៀងទៅ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុត និងស្វាមីភក្តិឥតងាករេពីខ្ញុំបាទ និងក្រុមគ្រួសារ ៕
ដោយ : សិលា