ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនឹងនារី៣នាក់ទៀត បានបើករថយន្តយ៉ាងលឿងរេចង្កូតទៅបុកក្បាលនាគពុះចែកផ្លូវ បណ្ដាលឲ្យខ្ទាតចេញពីជួរ ចំណែកឯរថយន្តដាច់កាឡេកង់ខាងឆ្វេងទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១២និង ៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៣ ខែមករាឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus RX 330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z-9499 បើកបរដោយបុរសម្នាក់នឹងរួមដំណើរជាមួយនារី ៣នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតមកលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុនៅស្តុបគីរីរម្យ ពុំដឹងថាមានបញ្ហាអ្វីនោះទេ ស្រាប់តែរេចង្កូតមកជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឱ្យខ្ទាតចេញពីជួរ ចំណែកឯរថយន្តបង្កដាច់កាឡេកង់ខាងឆ្វេងទៅមុខលែងរួច សំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ