ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ស្ពឺ​ បង្ហាញមុខ​ជនសង្ស័យ ៩នាក់ ពាក់ព័ន្ធករណីឃាតកម្មលើស្ពានគុណគ្រូ និងករណីកាប់បំផ្លាញម៉ូតូ

ចែករំលែក៖

  ខេត្តកំពង់ស្ពឺ ៖ យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​អង្គារ​ទី​០៣​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​៖​ កម្លាំងជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ​ បានបង្ហាញមុខជនសង្ស័យចំនួន ៩នាក់ ដែលជាប់ពាក់ព័ន្ធករណីឃាតកម្មលើស្ពានគុណគ្រូ និងករណីកាប់បំផ្លាញម៉ូតូរបស់ប្រជាពលរដ្ឋជាច្រេីនគ្រឿង​ ក្រោយ​ធ្វើ​ការ​បង្រ្កាប​និងឃាត់ខ្លួន​ជាបន្ដបន្ទាប់​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ 

របាយការណ៍ដដែល​បន្តថា​ កម្លាំងព្រហ្មទណ្ឌស្រុកសំរោងទង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០០ និង០៥នាទី បានទទួលយកជនសង្ស័យម្នាក់ឈ្មោះ សុត សាវិន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពីនគរបាលស្រុកអង្គស្នួល ពាក់ព័ន្ធករណីកាប់បំផ្លិចបំផ្លាញម៉ូតូចំនួន ៣គ្រឿង និងពាក់ព័ន្ធករណីឃាតកម្មលើស្ពានគុណគ្រូ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ។

បេី​តាមការបញ្ជាក់ពី​មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​០៣​ ខែមករា​នេះថា៖  ដោយមានកាចង្អុលដឹកនាំអនុវត្តតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពី លោកស្រី​ ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ស្ពឺ ។ យោងតាមចម្លើយ សុត សាវិន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទេីប​សមត្ថកិច្ច​ជំនាញ​បានសហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល នគរបាលស្រុកកណ្ដាលស្ទឹង ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បក្សពួកជនសង្ស័យបានចំនួន ៨នាក់ជាបន្តបន្ទាប់​ មានដូចខាងក្រោម​ ៖

១-ឈ្មោះ​ ចេង សុវណ្ណ ប្រុស ១៦ឆ្នាំ ភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ករណីឃាតកម្មលើស្ពានគុណគ្រូ ។

២- ឈ្មោះ​ ប៉ាង បញ្ញា ប្រុស ១៩ឆ្នាំ ភូមិក្រាំងរលួស ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ករណីពាក់ពន្ធ័កាប់ម៉ូតូ ផ្លូវ៤១ ភូមិត្រពាំងអំពិល។

៣-ឈ្មោះ​ ពុទ្ធា រិទ្ធី ប្រុស ២២ឆ្នាំ ភូមិព្រៃកន្រ្ទា ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ករណីពាក់ព័ន្ធឃាតកម្មលើស្ពានគុណគ្រូ ។

៤-ឈ្មោះ​ គឿន ថុនា  ប្រុស ១៦ឆ្នាំ ភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ករណីពាក់ពន្ធ័កាប់ម៉ូតូ។

៥-ឈ្មោះ​ ណាក់  និត ប្រុស ១៦ឆ្នាំ ភូមិកប់ចន្លុះ ឃុំព្រៃពួច ស្រុកអង្គស្នួល ករណីពាក់ពន្ធ័កាប់ម៉ូតូ។

៦- ឈ្មោះ​ សាត ប្រុសពៅ ១៧ឆ្នាំ ភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ករណីពាក់ពន្ធ័កាប់ម៉ូតូ។

៧-ឈ្មោះ​ សាំង វិសាល ប្រុស ១៧ឆ្នាំ ភូមិស្វាយឧត្ដម ឃុំសំរោងលើ ស្រុកអង្គស្នួល ករណីពាក់ពន្ធ័កាប់ម៉ូតូ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។

៨-ឈ្មោះ​ រី វាសនា ប្រុស ២៣ឆ្នាំ ភូមិព្រៃកន្រ្តា ឃុំរលាំងកែន ករណីឃាតកម្មលើស្ពានគុណគ្រូ។

វត្ថុតាងរួមមាន ៖ ១-ម៉ាកស្កុបពី ពណ៌ស សេរ៊ីឆ្នាំ២០២១ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1M-8585 ខូចខាតបែកចង្កៀងមុខ កុងទ័រ និងដាច់ផ្លាកលេខ ជារបស់ឈ្មោះ សួង ភក្ដិនី ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ២-ម៉ាកហុងដា សេ១២៥ សេរ៊ីឆ្នាំ២០១៧ ឡើងតែមឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់លេខភ្នំពេញ 1GM-3616 បែកក្បាំងមុខ កុងទ័រ និងចង្កៀងក្រោយ ជារបស់ឈ្មោះ អន ទ្រី ភេទប្រុសអាយុ ១៧ឆ្នាំ នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ៣-ម៉ាកហុងដា សេ១២៥ សេរ៊ីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IU-5385 បែកក្បាំងមុខ ចង្កៀងមុខ និងកុងទ័រ ជារបស់ឈ្មោះ ផល មេសា ភេទស្រី  អាយុ ១៨ឆ្នាំ នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ នៅចំណុចការ៉ាស់សាំង PTT ភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ២១ និង១០នាទី ថ្ងៃខែខាងលើ ។

ប្រភពដដែលបានបន្តថា ៖ សរុប ២ករណី មនុស្ស ៩នាក់ ម៉ូតូ ៣គ្រឿង កាំបិតផ្គាក់ ២ ទូរស័ព្ទ ២គ្រឿង ករណីឃាតកម្មលើស្ពានគុណគ្រូ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ករណីកាប់ម៉ូតូថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ផ្លូវ៤១ ភូមិត្រពាំងអំពិល ឃុំត្រពាំងគង ។

បច្ចុប្បន្នជនសង្ស័យទាំង០៩នាក់ កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និង​ត្រៀម​ខ្លួន​បញ្ជូនទៅកាន់​តុលាការ​ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖