ភ្នំពេញ ៖ ពិតជាគួរឱ្យសង្វេគខ្លាំងណាស់ ខណៈបុរសម្នាក់បាននាំកូនស្រីអាយុជិត២ឆ្នាំមករត់ឡំប្រឺតាតាមខ្លួន តែអកុសលកូនស្រីបានធ្លាក់ពីលេីឡំប្រឺតាត្រូវរថយន្តអាបែនដឹកដីកិនស្លាប់យ៉ាងរន្ធត់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមស្ត្រីជាម្ដាយកុមារីរងគ្រោះបានបញ្ជាក់ថា , ក្មេងស្រីមានឈ្មោះ សែម លក្ខិណា នៅសល់ ៣ ខែទៀត គំរប់អាយុ ២ ឆ្នាំ។ គាត់ជាម្ដាយធ្វើការនៅរោងចក្រកាត់ដេរ ចំណែកឯប្ដីរបស់ខ្លួន ជាអ្នករត់ម៉ូតូកង់បីឥណ្ឌា(ឡំប្រឺតា)។ អ្នកស្រីបន្តថា, ឪពុកតែងតែយកកូនមកតាមជាមួយរហូត ដោយសារអត់មាននរណាមើលកូននៅផ្ទះ ដូច្នេះគាត់រត់ម៉ូតូកង់បីបណ្ដើរ យកកូនមកតាមបណ្ដើរ ។ ម្យ៉ាងទៀតដល់ថ្ងៃដែលត្រូវចូលរៀន កូនគាត់ដែលជាបងៗ បានទៅរៀនអស់ ទើបប្ដីយកកូនអាយុ ២ ឆ្នាំនេះមកជាមួយ។
អ្នកស្រីបានស្រែកយំយ៉ាងខ្លាំង ខណៈកូនត្រូវបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបេីករថយន្តបង្កដេីម្បីសួរនាំ និងធ្វេីការវាស់វែងយករថយន្ត ព្រមទាំងឡំប្រឺតា ប្រគល់ឱ្យជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ។
ចំណែកសពកុមារីរងគ្រោះ សមត្ថកិច្ចបានធ្វេីកំណត់ហេតុប្រគល់ឱ្យឪពុកម្ដាយយកទៅធ្វេីបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ