ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ-កម្មការិនីរីករាយជាមួយប្រាក់ឈ្នួលថ្មី​ដែលចាប់ផ្តើម​អនុវត្ត​ពី​ដើម​ថ្ងៃទី១ខែមករានេះតទៅ

ចែករំលែក៖

ភ្នំពេញ៖ កម្មករ-កម្មការិនីនានានៅទូទាំងប្រទេសកម្ពុជាសប្បាយរីករាយជាមួយនឹងប្រាក់ឈ្នួលថ្មីដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករាឆ្នាំ២០២៣នេះតទៅ។ នេះគឺជាការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាលអំពីបញ្ហាប្រាក់ឈ្នួលរបស់កម្មករ-កម្មការិនីដែលជារៀងរាល់ឆ្នាំតែងតែដំឡើងមិនខានឡើយ។

ដូចបណ្ដាឆ្នាំមុនៗដែរគិតចាប់ពីថ្ងៃទី១ខែមករា ឆ្នាំ ២០២៣នេះតទៅ ប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន ២០០ ដុល្លារ របស់​កម្មករ​និយោជិត ក្នុងវិស័យឧស្សាហកម្មកាត់ដេរ នឹងត្រូវដាក់ឲ្យអនុវត្តជាផ្លូវការ។ ទន្ទឹមនេះ កម្មករ-កម្មការិនី បាន​បង្ហាញនូវទឹកមុខសប្បាយរីករាយ និង​សម្តែង​ការ​អរគុណ​ ចំពោះ​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់ថ្នាក់ នៃ​រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំ។

ក្រុមកម្មករ-កម្មការិនីនិយោជិត នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ីជី ក្លូរី ស្ថិតនៅខណ្ឌមានជ័យ រាជ​ធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះបាន​ឲ្យ​ដឹង​ថា សព្វថ្ងៃនេះទាំងការរស់នៅ និងការប្រកបការងារ គឺមានភាពល្អប្រសើរច្រើន ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ និងមិនខ្វះ ខាតដូចពេលមុនៗទេ ដូចជាប្រាក់ឈ្នួលកើនឡើងជារៀងរាល់ឆ្នាំ, ពេល​ឈឺ​ទៅ​ពេទ្យ​ក៏​គ្មាន​ការបង់ប្រាក់។ លើសពីនេះទៀតនោះ លែងមានការព្រួយបារម្ភទៀត ហើយ នៅ​ពេល​ឈាន​ដល់​អាយុ​ចូលនិវត្តន៍ ពួកគាត់ ក៏នឹងអាចទទួលប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដូចមន្រ្តី​រាជការផងដែរ។

លោក សំ វុទ្ធី សហជីពមូលដ្ឋាន នៃសំឡេង​យុវជនខ្មែរ បានបញ្ជាក់ឲ្យដឹងថា ជាការ​កត់​សម្គាល់ រហូតមក ដល់ ពេលនេះ ការបំពេញការងារ និងការយល់ដឹងនានារបស់កម្មករ-កម្មការិនី គឺ​ល្អ​ប្រសើរ​ជាង​មុន​ច្រើន​ណាស់។ លោកជឿជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នឹង​ជំរុញ​ឲ្យប្រាក់ឈ្នួលអប្បបរមា មានការកើន ឡើងបន្តទៅមុខទៀត ហើយសង្ឃឹមទៀតថា ជាមួយ​នឹង​ការ​តម្លើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំនេះ តម្លៃបន្ទប់ជួល និង​ទំនិញ​នានា​សូម​រក្សា​ថ្លៃ​នៅ​ដដែល ដើម្បី​ជួយសម្រួលការរស់នៅរបស់កម្មកររោងចក្រ។

សូមបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកម្មការិនី និយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ សម្លៀក​បំពាក់ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប បាន​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ពីចំនួន ៣៥ដុល្លារ ក្នុងឆ្នាំ១៩៩៧ រហូតដល់ចំនួន ២០០ដុល្លារ ក្នុងឆ្នាំ២០២៣នេះ៕

ដោយ៖ សូរិយា


ចែករំលែក៖