ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ ពិធីនេះ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តកំពង់ចាម ជំនួសលោកឧត្តមសេនីយ៍ទោ ឯម កុសល ដែលត្រូវចូលនិវត្តន៍។ មុនត្រូវបានចូលកាន់តំណែងនេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ជាស្នងការរងនគរបាលខេត្តកំពង់ចាម ទទួលផែនការងារព្រហ្មទណ្ឌ។
ដោយឡែក សម្រាប់លោកឧត្តមសេនីយ៍ទោ ឯម កុសល ក្រោយចូលនិវត្តន៍ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំងជាជំនួយការ ឋានៈស្មើអគ្គនាយករង ផងដែរ ។
សូមបញ្ជាក់ថា, ក្នុងនាមកងកម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់ដឹកនាំ រហូតដល់ មន្រ្តីនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួ អបអរសាទរគោរពជូន ចំពោះលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ត្រូវទទួលបានទំនុកចិត្តដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានចេញអនុក្រឹត្យស្ដីពីការតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានឋានៈស្មើ អគ្គនាយករង។
មកដល់បច្ចុប្បន្ននេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក្នុងនាមជានគរបាលជាតិមួយរូប ដែលបានចូលរួមចំណែកយ៉ាងសកម្មបំផុតជាមួយរាជរដ្ឋាភិបាលកម្ពុជា អស់រយៈកាល៤០ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៨៣ ឋានៈជាមន្រ្តីនគរបាលជាតិ និងបានទទួលបានការតែងតាំងមុខតំណែងតួនាទី និងឋានន្តរស័ក្តិជាបន្តបន្ទាប់រហូតមកដល់ឆ្នាំ២០១៦ បានទទួលការតែងតាំងឋានៈជា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងទទួលបានឋានន្តរស័ក្តិថ្នាក់ជាឧត្តមសេនីយ៍ទោ ដោយលោកឧត្តមសេនីយ៍ស្នងការបានបំពេញបេសកកម្មដ៏ឧត្តុងឧត្តមរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្នុងភារកិច្ចការពារសន្តិសុខ ថែរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍ វិបុលភាព និងកិត្យានុភាពដ៏រុងរឿងនៃកម្ពុជា។
រយៈពេល៤០ឆ្នាំ ក្នុងការបំពេញតួនាទី ភារកិច្ចមួយនេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានខិតខំលះបង់ តស៊ូ ជូនសង្គមជាតិ ព្រមទាំងយកអស់កំលាំងកាយចិត្តក្នុងកិច្ចការពារ រាជរដ្ឋាភិបាលកម្ពុជា និងបម្រើនូវកិច្ចការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន គួរជាទីមោទនភាព។
ការលះបង់ទាំងអស់នេះហើយ ដែលប្រមុខរាជរដ្ឋាភិបាលបានមើលឃើញអំពីគំរូវីរភាពដ៏អង់អាចក្លាហាន បានផ្ដល់ឋានៈដ៏គាប់ប្រសើរ និងឧត្តុងឧត្តមថ្លៃថ្លាជូនលោកឧត្ដមសេនីយ៍ទោ ឯម កុសល ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍប្រទេសជាតិ ឲ្យបានតែរីកចម្រើនឥតឈប់ឈរបន្ថែមទៀត។
ជាថ្មីម្ដងទៀត ក្នុងនាមកងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមគោរពជូនពរលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងក្រុមគ្រួសារ ទទួលបានសេចក្ដីសុខ សុខភាពល្អ បរិបូរណ៍ អាយុយឺនយូរ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ចៀសផុតពីរោគាចង្រៃ និងជោគជ័យថ្មីៗ បន្តក្នុងបេសកកម្មពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងមុខតំណែង និងតួនាទីថ្មី ជានិច្ចនិរន្តរ៍ តរៀងទៅ៕
ដោយ ៖ សហការី