ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញទូដែកដាក់ប្រាក់ចំនួន៧ពេលរុះរើអគារកាសុីណូដែលត្រូវភ្លើងឆេះនៅប៉ោយប៉ែត

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ ក្រុមជំនាញបានរុករកឃើញទូដែកដាក់ឯកសារនិងទ្រព្យសម្បត្តិចំនួន៧ទូរបស់ក្រុមហ៊ុនកាសុីណូទាំងពីរក្រោយពីអគ្គិភ័យបានឆាបឆេះអគារចំនួន៣នៃកាសុីណូនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបណ្តាលឱ្យមនុស្សស្លាប់សរុបចំនួន២៦នាក់ និងអ្នករបួសចំនួន៥៧នាក់ កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ បាននិងកំពុងចាប់ផ្តើមចុះរុះរើ ហើយអាចនឹងប្រើរយៈពេលរហូតដល់ទៅ៤ខែក្នុងការរុះរើនេះ ។

   បើតាមការឱ្យដឹងពីលោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ដែលទទួលការងារជាអនុប្រធានសម្របសម្រួលក្រុមការងាររុះរើអគារកាសុីណូខាងលើបានប្រាប់ថាៈ ក្រុមការងារបច្ចេកទេសរុះរើដែលខាងក្រុមហ៊ុនកាសុីណូ យកមកធ្វើការមានទាំងថៃនិងកម្ពុជា បាននិងកំពុងចាប់ផ្តើមរុះរើហើយ ដោយចែកជាពីរក្រុម គឺមួយក្រុមរុះរើគ្រឿងដែក និងមួយក្រុមទៀតរុះរើប្រភេទបេតុង ។

លោកបន្តថា ក្នុងការរុះរើនេះបានរកឃើញទូដែកដាក់ឯកសារនិងទ្រព្យសម្បត្តិ ចំនួន៧ទូ របស់ក្រុមហ៊ុនកាសុីណូទាំងពីរ។ សម្រាប់រយៈពេលនៃការរុះរើ លោកមិនអាចកំណត់ជាក់លាក់បានទេ តែតាមការវាយតម្លៃរបស់ក្រុមម៉ៅការរុះរើ អាចប្រើពេល៤ខែ ។

   មុនការរុះរើសំណង់អគារខាងលើ ផ្លូវដែលឆ្លងកាត់ច្រកទ្វារអន្តរជាតិត្រូវបានហ៊ុមព័ទ្ធដោយស័ង្កសីបិទជិត ដោយផ្លូវចូលច្រកអន្តរជាតិប៉ោយប៉ែតពីខាងកើតនៃរង្វង់មូលក៏ត្រូវបានបិទមិនឱ្យមានការចេញចូលឬចរាចរក្រៅពីក្រុមការងាររុះរើឡើយ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុផ្សេងៗដល់អ្នកធ្វើដំណើរឆ្លងកាត់។

   តាមរយៈនៃការរុះរើដែលប្រើពេលយូរនេះ ក៏អាចធ្វើឱ្យការចរាចររថយន្តដឹកទំនិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបង្វែរទៅចេញចូលតាមច្រកអន្តរជាតិស្ទឹងបត់-បានណងអ៊ាន(ថៃ)ដែលកំពុងតែស្ថាបនាច្រករផងដែរ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖