ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចទៀ បាញ់ ជួបលោកបណ្ឌិតកៅ គីមហួន មុនពេលចេញទៅបំពេញការងារជាអគ្គលេខាធិការអាស៊ាន

ចែករំលែក៖

                                                                                                                                                             ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញភាពជឿជាក់ ថា ៖លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងឋានៈជាអគ្គលេខាធិការអាស៊ាននឹងប្រឹងប្រែងស្វែងរកផលប្រយោជន៍រួមសម្រាប់គ្រួសារអាស៊ានទាំងមូល។

ក្តីសង្ឃឹមរបស់សម្តេចពិជ័យសេនាបានបង្ហាញឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ក្នុងពេលដែលសម្តេចបាន អនុញ្ញតឱ្យលោក កៅ គឹមហួន ចូលជួបសម្តែងការគួរ សមមុនពេលលោក ចាកចេញទៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្តូរ និងទទួលតួនាទីជាអគ្គលេខាធិការអាស៊ាន។                                                                    

ប្រមុខការពារជាតិបញ្ជាក់ចំពោះមុខលោកកៅ គឹមហួន ថា ៖ សម្តេចមានសេចក្តីរីករាយណាស់ ដែលបានទទួល

ការជួបជម្រាបលាពីលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ខណៈដែលលោកត្រៀមចាកចេញទៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី  ក្នុងឋានៈជាអគ្គលេខាធិការអាស៊ានសម្រាប់ អាណត្តិរយៈពេល ៥ ឆ្នាំ។  សម្តេចជឿជាក់ថា លោកបណ្ឌិតនឹងបំពេញតួនាទីនេះឱ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកផលប្រយោជន៍រួមសម្រាប់គ្រួសារអាស៊ានយើង។សម្តេចក៏បានជូនពរលោកបណ្ឌិតទទួលបានជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមមួយនេះ»។

លោកបណ្ឌិត កៅ គឹមហួន បានថ្លែងអំណរគុណដល់សម្តេចពិជ័យ បានផ្តល់អនុសាសន៍ល្អៗដល់រូបលោកដែលបានទទួលតួនាទីជាអគ្គលេខាធិការអាស៊ាននាពេលខាងមុខសំរាប់ធ្វើជាទុនក្នុងការបំពេញភារកិច្ច ។ លោកបណ្ឌិតក៏បានកោតសរសើរដល់ក្រសួងការពារ ជាតិ ដែលកន្លងមកបានអនុវត្តជាប្រធាននៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិ អាស៊ាននិងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ។                                                                                                  

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២២ មេដឹកនាំអាស៊ានទាំងអស់ គាំ ទ្រចំពោះការតែងតាំងបណ្ឌិត កៅ គឹមហួន ជាអគ្គលេខា ធិការអាស៊ាន។ បណ្ឌិត កៅ គឹមហួន ត្រូវបានប្រកាសតែងតាំង អគ្គលេខាធិការអាស៊ានចាប់ពីឆ្នាំ២០២៣ នេះ។ ការតែងតាំងនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេស អាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ។

បណ្ឌិត កៅ គឹមហួន ជាមនុស្សម្នាក់ក្នុងចំណោម៣នាក់ ដែលរាជរដ្ឋាភិបាលកម្ពុជាស្នើធ្វើជាអគ្គលេខាធិការអាស៊ាន ឆ្នាំ២០២៣ នៅពេលដែលដល់វេនប្រទេសកម្ពុជា។ នេះជាលើកទី ១ហើយ ដែលកម្ពុជាមានឱកាសធ្វើជា អគ្គលេខាធិការអាស៊ាន បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកអាស៊ានកាលពីឆ្នាំ១៩៩៩ ៕

ដោយ៖ សូរិយា


ចែករំលែក៖