ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃពុធទី០៤ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនាថ្ងៃទី០៤ មករានេះ បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៦នាក់(ស្រី១នាក់) របួសធ្ងន់ចំនួន ១៣នាក់(ស្រី៥នាក់) និងរបួសស្រាលចំនួន ២នាក់(ស្រី១នាក់) ។ ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នាថ្ងៃទី០៤ មករានេះ ករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់និងរបួសចំនួន២១នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន១០លើក។
គួររម្លឹកដែរថា កាលពីថ្ងៃទី០៣ ខែមករាម្សិលមិញ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៦នាក់(ស្រី១នាក់) របួសធ្ងន់ចំនួន ៧នាក់ និងរបួសស្រាលចំនួន ២នាក់(ស្រី១នាក់)ផងដែរ។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដេីម្បីកាត់បន្ថយគ្រោះថ្នាក់និងការពារជីវិតរបស់លោកអ្នក ព្រមទាំងក្រុមគ្រួសារ៕
ដោយ៖សហការី(រូបភាព៖ ឯកសារ)