ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់កាច់សោ.កម៉ូតូបានសម្រេចហើយ ម្ចាស់ឃេីញទាន់ដេញតាមចាប់បានមកវិញ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចកាច់សោ.កម៉ូតូហុងដាឌ្រីមមួយគ្រឿងបានសម្រេចហើយ ព្យាយាមជិះរត់គេចខ្លួន តែត្រូវបានម្ចាស់ម៉ូតូដេញតាមបណ្តើរស្រែកបណ្តើរផ្អើលដល់ប្រជាពលរដ្ឋជួយដេញស្ទាក់ព័ទ្ធចាប់ខ្លួនបានប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ 

   ជនសង្ស័យឈ្មោះ ភោគ កុសល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងភូមិកើតហេតុ មានស្រុកកំណើតនៅភូមិខ្នាចជើង ឃុំបឹងត្រាច់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។ ម៉ូតូដែលជនសង្ស័យលួចយកម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-8591 ។ 

   ចំណែកជនរងគ្រោះ ឈ្មោះ ជា វីរ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបឹងម្នង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ។

    បើតាមជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ គ្រាដែលគាត់ឌុបកូនទៅរៀន ឆ្លៀតឈប់ម៉ូតូចុះទៅដកលុយនៅផ្ទះវីង ហើយកូនក៏ចុះចេញពីម៉ូតូ ចាក់ទាំងសោ ក ដោយរវល់តែចូលផ្ទះវីង ស្រាប់តែជនសង្ស័យដើរទៅកាច់សោ.កម៉ូតូជិះរត់គេច ភ្លាមៗនោះរូបគាត់បានស្រែកឆោឡោធ្វើឱ្យអ្នកជិតខាងជួយដេញតាមបណ្តើរ ស្រែកបណ្តើរ រត់ឆ្លងទៅផ្លូវជាតិលេខ៣ ឆ្ពោះឡើងស្ពានអាកាសចោមចៅ ដល់ចំណុចលើស្ពានជ្រុងខាងកើតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ បានពលរដ្ឋជួយស្ទាក់ព័ទ្ធចាប់ខ្លួនបាន ។

   ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបាន សមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖