ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាចោរលួចម្នាក់ ក្រោយលួចរថយន្ត១គ្រឿងនៅសង្កាត់ដងទង់​ ក្រុង​ខេមរភូមិន្ទ

ចែករំលែក៖

ខេត្ត​កោះកុង៖ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​០៩​ ខែមករា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់​ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ​ បានទទួលពាក្យបណ្ដឹងឈ្មោះ ស៊ីន ហាហ្វីល ភេទប្រុស អាយុ៣៦ឆ្នាំ សញ្ជាតិខ្មែរអ៊ិស្លាម មានទីលំនៅ ភូមិ០៤ សង្កាត់ដងទង់ ថា មានជនមិនស្គាល់អត្តសញ្ញាណបានលួចរថយន្តមួយគ្រឿងម៉ាកCamry ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២D-៤៦៦៧ ចតទុកនៅម្ដុំវិហារអ៊ិស្លាម ភូមិ៤ សង្កាត់ដងទង់ ។ ក្រោយពីទទួលបានពាក្យបណ្ដឹងលោកអធិការក្រុង បានដឹកនាំផ្នែកជំនាញធ្វើការស្រាវជ្រាវរកមុខសញ្ញានិងផ្ដល់ព័ត៌មានដល់សមត្ថកិច្ចជំនាញតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក និងខេត្តនានា។

  លុះមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ម៉ោង១៥និង៣០នាទីរសៀល​ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យឈ្មោះសុះ គ្រីយ៉ា ភេទប្រុស អាយុ២៤ឆ្នាំ និងរថយន្តមួយគ្រឿងនៅចំណុចភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

   ចំណែកវត្ថុតាងដកហូត៖ រថយន្តមួយគ្រឿងម៉ាក Camry ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២D-៤៦៦៧ ។

   បច្ចុប្បន្ន​ជនសង័្សយនៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ​ ដើម្បីបន្តនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖