ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យធ្វើសកម្មភាពយកដុំថ្ម គប់រថយន្ដអ្នកដំណើរ !

ចែករំលែក៖

ខេត្តតាកែវ ៖ បើតាមសេចក្តីបំភ្លឺព័ត៌មាន នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានអោយដឹងថា ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនសាធារណៈ ដែលនិយមតាមដានព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធការផុសនូវវីដេអូ និងខ្លឹមសាររបស់គណនីហ្វេសប៊ុកឈ្មោះ ឌឹម ប៊ុនធឿន កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ មានខ្លឹមសារទាំងស្រុងថា”បងប្អូនផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៨៣ មានក្មេងគប់កញ្ចក់ឡានត្រូវជាង១០ឡានសូមប្រយ័ត្នផង បងប្អូន ០៨.០១.២០២៣ 8h 30នាទីយប់ ស្រុកទ្រាំង តាកែវ “។

 សូមបញ្ជាក់ជូនថា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ នៅវេលាម៉ោង២០.៣០នាទីនៅចំណុចលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ លេខ៨៣.៨៤ ស្ថិតក្នុងភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង មានករណីធ្វើឱ្យខូចដោយចេតនាមួយ(គប់កញ្ចក់រថយន្ត)  ចំនួន០៥គ្រឿង  បានមកដាក់ពាក្យបណ្តឹងចំនួន ០២នាក់ រួមមានៈ ទី១.ឈ្មោះ រិន ករុណា ភេទប្រុស អាយុ៤២ឆ្នាំរស់នៅភូមិសំបួរ  សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញមានមុខរបរ បុក្គលិកក្រុមហ៊ុនខូចខាតរថយន្តម៉ាកFORD ពណ៌ស ឆ្នាំផលិត២០២២ ខូចខាតបែកកញ្ចក់ធំមុខ កំពិតទ្វារផ្នែកខាងឆ្វេង និងទី២ឈ្មោះ ឌឹម ធឿន ភេទប្រុស អាយុ៤២ឆ្នាំរស់នៅភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានមុខរបរកសិករ ខូចខាតរថយន្តម៉ាកFORD ពណ៌ទឹកប្រាក់ផលិតឆ្នាំ២០១៦ ខូចខាតកំពិតទ្វារមុខផ្នែកខាងឆ្វេង។

  ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង បានចុះធ្វើការស្រាវជ្រាវនៅទីតាំងកើតហេតុ និងបានកំណត់មុខសញ្ញារហូតឈានដល់វេលាម៉ោង២២.០០នាទី ថ្ងៃខែឆ្នាំដដែល បានឃាត់ខ្លួនជនសង្ស័យ០១នាក់ មានឈ្មោះ ប៊ិន ឡាយ ភេទប្រុស អាយុ៤០ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ មានមុខរបរកសិករ។ ក្រោយសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានយកដុំថ្ម ធ្វើសកម្មភាពគប់រថយន្តនៅតាមផ្លូវប្រាកដមែន ដោយជនសង្ស័យតែងផឹកស្រាស្រវឹងជាប្រចាំ(ស្រវឹងខួប)។

បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី ៕

ដោយ ៖ សហការី


ចែករំលែក៖