ព័ត៌មានទាន់ហេតុការណ៍៖

ឆេះផ្ទះ១ខ្នងបណ្តាលឱ្យខូចខាតសម្ភារនិងទ្រព្បសម្បត្តិអស់ទាំងស្រុង ចំណែកប្តីប្រពន្ធជាម្ចាស់ផ្ទះរងបួសធ្ងន់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កាលពីយប់ថ្ងៃទី៨ មករា ឆ្នាំ២០២៣ នៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផ្ទះ១ខ្នងធ្វើអំពីឈើលើថ្មក្រោមត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូចខាតសម្ភារនិងទ្រព្បសម្បត្តិអស់ទាំងស្រុង។ ចំណែកប្តីប្រពន្ធជាម្ចាស់ផ្ទះរងបួសធ្ងន់និងស្រាលត្រូវបានដឹកបន្តទៅសង្គ្រោះនៅរាជធានីភ្នំពេញ ហើយភ្លាមៗនោះគេឃើញលោក អុី ធារិនអភិបាលស្រុកព្រៃនប់ចុះទៅដល់កន្លែងកើតហេតុ និងចាត់ចែងបញ្ជូនជនរងគ្រោះទៅសង្គ្រោះផងដែរ ។

   ករណីអគ្គិភ័យនេះបណ្ដាលឱ្យឆេះផ្ទះ១ខ្នងសង់អំពីឈើខាងលើ និងរៀបឥដ្ឋខាងក្រោម ប្រក់ស័ង្កសី ទំហំទទឹង៦ម៉ែត្រ បណ្តោយ៩ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ ជុំ សុវណ្ណ ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ។ រហូតមកដល់រសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ គេមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ ។

    មុនពេលកើតហេតុស្ត្រីជាភរិយាកំពុងដេកនៅផ្ទះខាងក្រោម (ផ្ទះលក់ចាប់ហួយ) ចំណែកឯបុរសជាប្ដីសម្រាកនៅខាងលើផ្ទះ។ ពេលកំពុងតែដេក រូបគាត់ក៏បានឮសូរសំឡេងផ្ទុះ (ប្រស់ៗ) ចេញពីកន្លែងដែលគាត់ទុកសាំងនិងហ្គាស រួចហើយគាត់បានឃើញភ្លើងកំពុងតែឆេះចំនួន២កន្លែង (ក្បែរកន្លែងដាក់សាំង) ។ ឃើញដូចនេះ រូបគាត់ក៏បានចាក់សោទ្វារដើម្បីយកទឹកមកពន្លត់ ប៉ុន្ដែពេលនោះភ្លើងបានឆេះរលាយប៊ីដុងសាំង រួចក៏ចាប់ផ្ដើមឆេះកាន់តែខ្លាំង ហើយនាំគ្នាស្រែកហៅឱ្យអ្នកជិតខាងមកជួយពន្លត់ និងរាយការណ៍ជូនសមត្ថកិច្ចដើម្បីមកជួយពន្លត់តែម្ដង ។

   ករណីអគ្គិភ័យនេះបណ្តាលឱ្យមនុស្សចំនួន២នាក់រងរបួស ក្នុងនោះម្នាក់ឈ្មោះ ជុំ សុវណ្ណ ភេទប្រុស ម្ចាស់ផ្ទះ (រងរបួសធ្ងន់) ត្រូវបញ្ជូនយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែងនៅឃុំវាលរេញ រួចបានបញ្ជូនសង្គ្រោះបន្ដនៅមន្ទីរពេទ្យរាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ឆាយ មុំ ហៅង៉យ ភេទស្រី ប្រពន្ធម្ចាស់ផ្ទះ (រងរបួសស្រាល) បញ្ជូនយកមកសម្រាកនៅគ្លីនិកឯកជនមួយកន្លែងនៅឃុំវាលរេញ ។

   ចំណែកសម្ភារនិងទ្រព្យសម្បត្តិក្នុងផ្ទះ ត្រូវភ្លើងឆេះអស់ទាំងស្រុង រួមមាន ៖

១-រថយន្ដ១គ្រឿង,២-ម៉ូតូ១គ្រឿង, ៣-ស្រូវទម្ងន់៥តោន,៤-លុយខ្មែរ១០លានរៀល និងលុយដុល្លារចំនួន ២០០០ដុល្លារអាមេរិក, ៥-គ្រឿងទេស(ចាប់ហួយ)និង

៦-ព្រមទាំងសម្ភារក្នុងផ្ទះ រួមទាំងរាលទៅឆេះសំយាបផ្ទះប្រជាពលរដ្ឋដែលរស់នៅជាប់គ្នាផងដែរ។

   ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានយករថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់២គ្រឿងហើយបានបាញ់ទឹកអស់៥រថយន្ត ទើបរលត់ទាំងស្រុង។ ពាក់ព័ន្ធនឹងករណីនេះកម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ៕

ដោយ៖ សហការី


ចែករំលែក៖