ភ្នំពេញ ៖ ដោយមានចង្អុលបង្ហាញពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ លោក សេង គន្ធ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បើកការចុះបង្ក្រាបទីតាំងជល់មាន់តាមប្រព័ន្ធ អនឡាយ មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងអាជ្ញាធរជំនាញ បានធ្វើការឃាត់ខ្លួនមនុស្ស៦នាក់ ស្រី៣នាក់ មានអ្នកលេង និងអ្នកមើលការ និងដកហូតម៉ូតូចំនួន៧គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនធំផ្សេងទៀតផងដែរ ។
បន្ទាប់ធ្វេីការបង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុសស្រីដែលពាក់ព័ន្ធ ព្រមទាំងប្រមូលវត្ថុតាងបានហេីយ កម្លាំងជំនាញបានធ្វេីការដឹកបញ្ជូនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ