ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរបញ្ចកោណអាមេរិកនឹងបញ្ជូនទាហានអ៊ុយក្រែនមកកាន់អាមេរិកហ្វឹកហាត់ប្រើអាវុធទំនើប

ចែករំលែក៖

មន្ទីរបញ្ចកោណអាមេរិកបានឡើងគម្រោងបញ្ជូនទាហានអ៊ុយក្រែនទៅកាន់អាមេរិកដើម្បីហ្វឹកហាត់ប្រើប្រាស់ប្រព័ន្ធមីសីល ការពារទំនើប Patriot។
មន្ទីរបញ្ចកោណ នៅថ្ងៃ១០ខែមករាបាននិយាយថា សហរដ្ឋអាមេរិកនឹងបណ្ដុះបណ្ដាលទាហានអ៊ុយក្រែននៅឯមូលដ្ឋានទ័ពមួយកន្លែងស្ថិតនៅក្នុង រដ្ឋOklahoma ពីរបៀបប្រើប្រាស់ និងការថែទាំប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ដែលទីក្រុងវ៉ាស៊ីនតោនប្រកាសបញ្ជូនឱ្យទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។
ទីក្រុងវ៉ាស៊ីនតោនបានសន្យាផ្ដល់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot មួយគ្រឿងដល់អ៊ុយក្រែនកាលពីចុងឆ្នាំ២០២២កន្លងទៅ ដើម្បីជួយទីក្រុងកៀវទប់ទល់នឹងការវាយប្រហារ បំផ្លិចបំផ្លាញតាមផ្លូវអាកាសពីសំណាក់កងទ័ពរុស្ស៉ី។
ថ្លែងប្រាប់អ្នកសារព័ត៌មានអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder បានគូសបញ្ជាក់ដូច្នេះថា «ការបណ្ដុះបណ្ដាលទាហានអ៊ុយក្រែនពីរបៀបប្រើប្រព័ន្ធមីស៊ីលប៉ាទ្រីយ៉ូត (Patriot) នឹងត្រូវចាប់ផ្ដើមក្នុងពេលឆាប់ៗខាងមុខនេះ ឬអាចនៅសប្ដាហ៍ក្រោយ នៅឯមូលដ្ឋាន Fort Sill នៃរដ្ឋ Oklahoma។ លោក រ៉ៃដឺ បន្តទៀតថា ទាហានអ៊ុយក្រែនប្រហែលពី៩០ដល់១០០នាក់នឹងត្រូវចូលរួមក្នុងការបណ្ដុះបណ្ដាលនេះដែលអាចនឹងត្រូវចំណាយពេលជាច្រើនខែ។
ផលិតដោយក្រុមហ៊ុន Raytheon ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot គឺជាប្រព័ន្ធមីស៊ីលបាញ់ចេញពីផ្ទៃដីទៅអាកាស និងត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់បំផ្លាញមីស៊ីលបាលិស្ទីគ និងយន្ដហោះចម្បាំង។ ប្រព័ន្ធមីស៊ីលនេះត្រូវបានប្រើប្រាស់ជាលើកដំបូងនៅក្នុងសង្រ្គាមឈ្លានពានអ៉ីរ៉ាក់របស់សហរដ្ឋអាមេរិកនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ហើយបើតាម ក្រុមហ៊ុន Raytheon ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot បានស្ទាក់ចាប់បំផ្លាញមីស៊ីលបាលិស្ទីគច្រើនជាង ១៥០គ្រាប់ នៅក្នុងសមរភូមិចាប់តាំងពីឆ្នាំ២០១៥មក៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ tienphong.vn


ចែករំលែក៖