ព័ត៌មានទាន់ហេតុការណ៍៖

បង្ហាញមុខ​ជនសង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីលួចម៉ូតូ និងទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ៖ បេី​តាមការបញ្ជាក់ពី​មន្រ្តី​នគរបាល​ខណ្ឌ​ដូនពេញ​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​១១​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញផ្នែកយុត្តិធម៌ និងប៉ុស្តិ៍ កាលពីថ្ងៃទី១០ ខែមករាម្សិលមិញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចក្នុងបឹងកក់ ភូមិ២៣ សង្កាត់ស្រះចក ករណីអំពើលួច (លួចម៉ូតូ និងទូរស័ព្ទដៃ) ប្រព្រឹត្តិនៅចំណុចផ្ទះសំណាក់យីហោ ត្រជាក់ចិត្ត ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៤ និង៣០នាទីទៀបភ្លឺ ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានបន្តថា៖ ជនសង្ស័យឈ្មោះ កាន់ ចំរើន ហៅតុង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទីលំនៅមិនពិតប្រាកដ ។ ជនរងគ្រោះឈ្មោះ ថា វណ្ណថង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុក្លឹបជីអ៊ឹមឡាញ សា្នក់នៅភូមិអន្លងសាន ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។ ក្រោយការសាកសួរ ជនសង្ស័យឈ្មោះ កាន់ ចំរើន ហៅតុង បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូ និងទូរស័ព្ទដៃពីជនរងគ្រោះនៅផ្ទះសំណាក់យីហោ ត្រជាក់ចិត្ត ប្រាកដមែន ។

វត្ថុតាងដកហូតរួមមាន ៖

-ម៉ូតូមួយគ្រឿងម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1JT-6534 លេខតួ+លេខម៉ាស៊ីន 6377805 

-ទូរស័ព្ទដៃមួយគ្រឿងម៉ាក Iphone 6 plus ពណ៌ទឹកប្រាក់ (ប្រគល់ឲ្យជនរងគ្រោះយកទៅរក្សាទុកជាបណ្តោះអាសន្ន) ។

យោង​តាម​សភាពរឿងហេតុ​ មុនពេលកើតហេតុកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៤ និង៣០នាទី ជនរងគ្រោះបានចេញពីធ្វើការក្លឹបជិះម៉ូតូម៉ាកខាងលើដើរលេងមកដល់រង្វងមូលសួនច្បារវត្តភ្នំ ក៏ជួបជនសង្ស័យឈរនៅទីនោះហៅឱ្យឈប់ម៉ូតូអង្គុយជជែកគ្នាលេង ហើយបបួលជនរងគ្រោះទៅមាត់ទន្លេ និងមករកកន្លែងដេក ពេលនោះជនសង្ស័យជាអ្នកបើកម៉ូតូ ហើយជនរងគ្រោះអង្គុយពីក្រោយ ជិះមកដល់ចំណុចផ្ទះសំណាក់យីហោ ត្រជាក់ចិត្ត ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ជនសង្ស័យបានទំលាក់ជនរងគ្រោះនៅផ្ទះសំណាក់ រួចយកម៉ូតូនិងទូរស័ព្ទដៃជិះគេចខ្លួនបាត់។ 

ក្រោយពីកើតហេតុជនរងគ្រោះបានដើរស្វែងរក ដោយចំណាំភិនភាគជនសង្ស័យ ហើយតាមរករហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៩ និង៣០នាទីព្រឹក ឃើញជនសង្ស័យនៅបឹងកក់ ភូមិ២៣ សង្កាត់ស្រះចក ក៏រាយការណ៍ប្រាប់សមត្ថកិច្ចធ្វើការអន្តរាគមន៍ឃាត់ខ្លួន រួមនឹងវត្ថុតាង នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការសាកសួរ។ 

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់ ៕

ដោយ​៖សហការី​


ចែករំលែក៖