ក្រោយរយៈពេល២ខែដែលបានតែងតាំងធ្វើជាអគ្គមេបញ្ជាការកម្លាំងទាហានរុស្សុីនៅអ៊ុយក្រែនមក ឧត្តមសេនីយ៍ Sergey Surovikin ត្រូវបានទម្លាក់ចុះមកត្រឹមអគ្គមេបញ្ជាការរងវិញ ហើយជំនួសវិញដោយអគ្គមេបញ្ជាការកងទ័ពរុស្ស៊ី ឧត្តមសេនីយ៍ Valery Gerasimov។ ការផ្លាស់ប្តូរនេះបានបង្ហាញពីការប្តេជ្ញារបស់ប្រធានាធិបតីរុស្ស៊ី នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ទី១២ ខែមករា ឆ្នាំ២០២៣បានផ្សាយថា រុស្ស៊ីបានបញ្ជាឱ្យឧត្តមសេនីយ៍កំពូលមួយរូបទៀតចូលដឹកនាំសង្រ្គាមនៅអ៊ុយក្រែន ដែលនេះជាការរុះរើដ៏ធំបំផុតក្នុងរចនាសម្ព័ន្ធបញ្ជាការយោធារបស់ខ្លួន បន្ទាប់ពីបរាជ័យក្នុងសមរភូមិជាច្រើនខែកន្លងមកនេះ។
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃពុធនេះថា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកSergei Shoigu បានតែងតាំងនាយអគ្គសេនាធិការយោធាមួយរូប គឺ លោក Valery Gerasimov ជាមេបញ្ជាការថ្មីនៃកងទ័ពរុស្ស៉ីទាំងអស់ដែលកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន ក្រោមស្លាកប្រតិបត្តិការយោធាពិសេស។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ថា «ការកើនឡើងនៃកម្រិតនៃភាពជាអ្នកដឹកនាំនៃប្រតិបត្តិការយោធាពិសេស គឺត្រូវបានផ្សារភ្ជាប់ទៅនឹង ការពង្រីកទំហំភារកិច្ច។ តម្រូវការនេះត្រូវរៀបចំឱ្យកាន់តែដិតដល់ក្នុងចំណោមកងកម្លាំងប្រដាប់អាវុធចម្រុះ និងធ្វើឱ្យប្រសើរឡើងនូវគុណភាព ប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់រុស្ស៊ី»។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរថ្មីនេះមិនត្រឹមតែដើម្បីឱ្យលោក ហ្គេរ៉ាស៉ីម៉ូវ ទទួលខុសត្រូវដោយផ្ទាល់ចំពោះជោគវាសនានៃយុទ្ធនាការនៅអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានសបញ្ជាក់អំពីការទម្លាក់ពីតំណែងឧត្តមសេនីយ៍ ដែលប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីដាក់រហស្សនាមថាជាមេបញ្ជាការសង្រ្គាមប្រល័យលោក គឺលោក Sergey Surovikin ដែលត្រូវបានទម្លាក់តំណែងមកជា«បញ្ជាការរង» របស់លោក ហ្គេរ៉ាស៉ីម៉ូវ៕ ដោយ៖ ធីរីណា
រូបថត ៖ baotintuc.vn