ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតអបអរសាទររបស់សម្ដេចតេជោ ជូនចំពោះនាយករដ្ឋមន្ត្រីជប៉ុន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតអបអរសាទររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ។ 

តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមជូនសព្វសាធុការពរ និងសម្តែងនូវការអបអរសាទរដ៏កក់ ក្តៅបំផុតជូនចំពោះលោក រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅក្នុងឱកាសដ៏រីករាយនៃខួបអនុស្សាវរីយ៍ លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន។ ខ្ញុំពិតជាមាន សេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុនបានឈានដល់ដំណាក់ កាលដ៏សំខាន់ថ្មីមួយទៀត ក្នុងពេលដែលយើងដំឡើងកម្រិតទំនាក់ទំនងពីភាពជាដៃគូយុទ្ធសាស្ត្រទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ។

អស់រយៈពេល ៧០ ឆ្នាំកន្លងមកនេះ កម្ពុជា និងជប៉ុនរក្សាបាននូវទំនាក់ទំនងដ៏ល្អប្រសើរ និងកិច្ចសហ- ប្រតិបត្តិការប្រកបដោយផ្លែផ្កា ទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី បើទោះបីជាតំបន់របស់យើង និងពិភពលោកបាននិងកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា និងបញ្ហាដ៏ស្មុគស្មាញក្តី។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាតែងតែផ្ដល់តម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ជប៉ុន ក្នុងដំណើរការស្វែង រកសន្តិភាព និងការបន្តគាំទ្ររបស់ជប៉ុនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការលើកកម្ពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនឹងផ្ដល់នូវផលប្រយោជន៍ ដ៏ធំធេងថែមទៀតដល់ប្រជាជន និងប្រជាជាតិទាំងពីររបស់យើង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានសង្កេតឃើញនូវការរីកចម្រើនយ៉ាងខ្លាំងក្លានៃទំនាក់ទំនង ទ្វេភាគី តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាញឹកញាប់ បូករួមជាមួយកិច្ច សហប្រតិបត្តិការគ្របដណ្ដប់លើវិស័យជាច្រើន ទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ និងការផ្លាស់ប្តូររវាងប្រជាជន- និង-ប្រជាជនដ៏ជិតស្និទ្ធ។ ឆ្នាំមុន គឺជាខួបអនុស្សាវរីយ៍លើកទី ៣០ នៃបេសកកម្មក្រៅប្រទេសជាលើក ដំបូងរបស់កងកម្លាំងស្វ័យការពាររបស់ជប៉ុន ក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅកម្ពុជា ហើយយើងបានឯកភាពគ្នាជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ តាមរយៈការ ផ្លាស់ប្ដូរ និងកម្មវិធីនានាសកម្មភាពនានាដ៏សកម្មរវាងក្រសួងការពារជាតិទាំងពីរ រួមទាំងទស្សនកិច្ចចំនួន ពីរលើករបស់នាវានៃកងកម្លាំងស្វ័យការពារជើងទឹករបស់ជប៉ុន កាលពីខែមីនា និងខែវិច្ឆិកា ឆ្នាំ២០២២។

ទន្ទឹមជាមួយនេះដែរ ដោយសារឆ្នាំនេះក៏ជាខួបអនុស្សាវរីយ៍លើកទី ៥០ នៃមិត្តភាព និងកិច្ចសហប្រតិ- បត្តិការអាស៊ាន-ជប៉ុន ខ្ញុំរីករាយក្នុងការធ្វើការជិតស្និទ្ធជាមួយលោក ដើម្បីរៀបចំកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍នេះប្រកបដោយភាពជោគជ័យ និងលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ជប៉ុន ថែមទៀត។ ខ្ញុំក៏ ទន្ទឹងរង់ចាំជួបជាមួយលោក ជាថ្មីទៀតក្នុងឆ្នាំនេះ។

សូម លោក ទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ និងសព្វសាធុការពរជូនចំពោះ លោក សូមប្រកបដោយ សុខភាពបរិបូរណ៍ សុភមង្គល និងជោគជ័យកាន់តែធំធេងដល់គ្រប់ភារកិច្ចដ៏ឧត្ដុង្គឧត្តមរបស់លោក ៕ 

ដោយ ៖ សិលា


ចែករំលែក៖