ភ្នំពេញ ៖ មន្ទីរប្រឆាំងគ្រឿងញៀនដាក់វិន័យមន្ត្រីនគរបាល ករណីចុះអនុវត្តន៍ការងារ ក្រុមនេះបានប្រព្រឹត្តល្មើសវិន័យ វិជ្ជាជីវៈ និងបានប៉ះពាល់ដល់ប្រជាពលរដ្ឋ ភូមិតាងួន២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នេះបើយោងតាម ប្រកាសព័ត៌មាន ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាន នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។
មន្ទីរអង្គភាពប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា, ដោយទទួលបានព័ត៌មានផ្សព្វផ្សាយ ពីគណនី Tik Tok ឈ្មោះ សុជាតា ស្ដីពីបាតុភាពនៅ ភូមិតាងួន២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានយកចិត្ត ទុកដាក់ហើយបានចេញបទបញ្ជារស្រាវ ជ្រាវករណីនេះជាបន្ទាន់ ។
មន្ទីរប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវហើយរកឃើញ ថា ៖
– មន្ត្រីការិយាល័យទី២ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមួយក្រុម បានចុះទៅអនុវត្តន៍វិធាន ញុះញង់ ស្របតាមនីតិវិធីច្បាប់ ដោយបានរាយការណ៍ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងមានការដឹកនាំ សម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញ។ ប៉ុន្តែក្នុងការចុះអនុវត្តន៍ការងារ ក្រុមនេះបានប្រព្រឹត្តល្មើសវិន័យ វិជ្ជាជីវៈ និងបានប៉ះពាល់ដល់ប្រជាពលរដ្ឋ ។
ហេតុនេះ ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្នាននគរបាលជាតិ សម្រេច :
១• ដាក់វិន័យដោយបញ្ជូនទៅអង្គភាពតម្រួតបទបញ្ជាដើម្បីពិចារណាកំហុស ។
២•ក្រុមប្រឹក្សា វិន័យនឹងពិនិត្យស្នើរសុំដាក់វិន័យជាក់ស្ដែងបន្ថែមទៀត ។
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចសហការពីគ្រប់មជ្ឈដ្ឋានក៏ដូចជាមតិរិះគន់ស្ថាបនាពីគ្រប់បណ្ដាញ ផ្សព្វផ្សាយព័ត៌មាន ដែលកន្លងមកបានផ្ដល់ព័ត៌មានទាន់ពេលវេលាចូលរួមក្នុងការរក្សាសន្តិសុខ សុវត្ថិភាពសង្គម និងចូលរួមសំអិតសំអាងដល់មន្ត្រីរបស់យើងខ្ញុំ ។ យើងខ្ញុំត្រៀមជាស្រេចរង់ចាំទទួលព័ត៌មាននិងកិច្ចសហ ការបន្តទៅទៀត ៕
ដោយ ៖ សហការី