ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសង្គមកិច្ច ចេញសេចក្តីប្រកាសព័ត៌មានករណីបុគ្គល ឡាយ សំណាង ដែលត្រូវ ACU ចាប់ខ្លួន រឿងអំពើពុករលួយបាន កិបកេងយកថវិការដ្ឋទៅប្រើប្រាស់ប្រយោជន៍ផ្ទាល់ខ្លួន !

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមជម្រាបជូនបងប្អូនសាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ បានជ្រាបថា ពាក់ព័ន្ធបុគ្គល ឡាយ សំណាង អតីតជាអនុ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលត្រូវបាន ឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ កន្លងមកបានកិប កេងយកថវិការដ្ឋឆ្នាំ២០១៩ និងឆ្នាំ២០២០ ដោយយកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន។ មុនឈាន ដល់ការឃាត់ខ្លួននេះ ក្រសួងបានរៀបចំក្រុមការងារដើម្បីត្រួតពិនិត្យលើភាពមិនប្រក្រតីនេះ និងតម្រូវឲ្យ បុគ្គលខាងលើ សងប្រាក់មកក្រសួងវិញ ប៉ុន្តែ បុគ្គល ឡាយ សំណាង ព្យាយាមគេចវេស និងពន្យាពេលដោះ ស្រាយ ដោយមិនទទួលខុសត្រូវក្នុងការយកថវិការដ្ឋទាំងអស់នោះមកសងវិញនោះឡើយ។ ពាក់ព័ន្ធករណីនេះ ក្រសួងបានចាត់វិធានការខាងវិន័យរដ្ឋបាល និងបានស្នើឲ្យមេធាវីប្រចាំក្រសួងរៀបចំកសាងពាក្យបណ្តឹង ដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមបញ្ជាក់ថា ថវិការដ្ឋដែល បុគ្គល ឡាយ សំណាង បានកិបកេងយកនេះ មិនមានជាប់ពាក់ព័ន្ធនឹងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ដែលរាជរដ្ឋាភិបាលបានកំពុងឧបត្ថម្ភផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមាន ផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងកូវីដ-១៩ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់អំឡុងពេលបិទខ្ទប់ក្នុងព្រឹត្តិការណ៍២០កុម្ភៈ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារ ងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារ រងហានិភ័យដែលរងផលប៉ះពាល់ទឹកជំនន់ នោះឡើយ ។

អាស្រ័យហេតុនេះ សូម បងប្អូនសាធារណៈជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖