ខេត្តព្រៃវែង ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានលើកទឹកចិត្តដល់មន្ត្រីក្រុមការងារចុះជាប់មូលដ្ឋាន ដើម្បីបន្តប្រពៃណីល្អបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព រួមចំណែកអភិវឌ្ឍន៍សង្គមជាតិ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណបក្សនៅស្រុកពារាំង នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលក្នុងឆ្នាំ២០២២កន្លងទៅ ដែលក្រុមការងារ និងគណបក្សនៅមូលដ្ឋានសម្រេចបាន ទាំងសកម្មភាពបម្រើប្រជាពលរដ្ឋ ទាំងការកាត់បន្ថយចំណុចខ្វះខាត ធ្វើឱ្យប្រជាពលរដ្ឋមានការជឿជាក់។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើដល់ក្រុមការងារ និងគណបក្សគ្រប់លំដាប់ថ្នាក់ បន្តសកម្មភាពកាន់តែខ្លាំងក្លាថែមទៀត ដើម្បីរក្សាឧត្ដមភាពប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ឈានទៅដណ្ដើមជ័យជំនះការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាឆ្នាំ២០២៣ ខាងមុខនេះ។
សម្រាប់ទិសដៅអនុវត្តក្នុងខែមករា នាយឧត្តមសេនីយ៍ប្រធានក្រុមការងារបានប្រគល់ភារកិច្ចមួយចំនួនរួមមាន : ការពង្រឹងពង្រីកសមាជិកបក្ស អង្គការចាត់តាំងបក្ស សកម្មភាពការងារ, ការចុះជាប់តាមខ្នល់ផ្ទះប្រជាពលរដ្ឋ, ការធ្វើវេទិកាសាធារណៈ, ការកសាងជំនឿទុកចិត្តពីសំណាក់មហាជន, និងការជំរុញប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕
ដោយ ៖ សិលា