ព័ត៌មានទាន់ហេតុការណ៍៖

ចំណងដៃថ្មីដើមឆ្នាំ២០២៣!ប្រជាពលរដ្ឋភូមិត្មាតពងឃុំសំបួរ ស្រុករមាសហែកត្រេកអរយ៉ាងខ្លាំងខណៈអាជ្ញាធបើកការដ្ឋានពង្រីកផ្លូវដីលំ១ខ្សែជាង៣០០០ម៉ែត្រតាមសំណូមពររបស់ពួកគាត់ក្នុងវេទិកាសាធារណៈនាពេលកន្លងមក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋរស់នៅភូមិត្មាតពង ឃុំសំបួរ ស្រុករមាសហែកបានបង្ហាញនូវសេចក្តីត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋបាលស្រុកក៏ដូចជារដ្ឋបាលឃុំ និងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ដែលតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយជាក់ស្តែងនៅថ្ងៃនេះ អាជ្ញាធរ បានមកបើកការដ្ឋានស្ថាបនាស្ពានបេតុងនិងកែលម្អផ្លូវក្រាលគ្រួសក្រហមតាមសំណូមពរក្នុងវេទិកាសាធារណៈនាពេលកន្លងមក។

ជាក់ស្ដែង នាព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២៣ លោកស្រី ឈុន សារឹម អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានអញ្ជើញបើកការដ្ឋានពង្រីកផ្លូវដីលំមួយខ្សែប្រវែង៣.៤៨៣ម៉ែត្រ ទទឹងទ្រូងលើ ៦ម៉ែត្របាតក្រោម៨ម៉ែត្រ និងស្ពានបេតុងទទឹង៥,៣០ម៉ែត្រ បណ្តោយ៦ម៉ែត្រ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋស្ថិតក្នុងភូមិត្មាតពង ឃុំសំបួរស្រុករមាសហែក។

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានថ្លែងថា សមិទ្ធផល ផ្លូវលំមួយខ្សែមានប្រវែង៣.៤៨៣ម៉ែត្រ និងស្ពានបេតុងនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គល ណាម្នាក់ឡើយ គឺបានមកពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំខេត្តពិសេសមានលោកសៅសុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក។

ក្នុងឱកាសនោះ លោកកស្រី ឈុន សារឹម អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងបានថ្លែងថា សូមអរគុណសន្តិភាពខណ:កម្ពុជាសព្វថ្ងៃនេះកំពុងតែអភិវឌ្ឍន៍ ទៅលើគ្រប់វិស័យ មិនថាទីក្រុងឬទីជនបទឡើយដោយ ការអភិវឌ្ឍន៍ទាំងនេះក៏ដោយសារប្រទេសមានសុខសន្តិភាព ដូច្នេះសូមបងប្អូនចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស បើគ្មានសន្តិភាពក៏គ្មានការអភិវឌ្ឍន៍ដែរ។

លោកស្រី បានបន្តថា ផ្លូវលំមួយខ្សែនិងស្ពានបេតុងនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមក និងមានជីវភាពល្អប្រសើរឡើង ក្នុងការចូលរួមអនុវត្តន៍នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ ដូច្នេះ ផ្លូវថ្នល់គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ បើយើងមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ហើយសមិទ្ធផលទាំងនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូរពីជីវភា​ពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធផលនានាជូនដល់ប្រជាពលរដ្ឋ។

លោកស្រី ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសមិទ្ធផលទាំងនេះឲ្យបានប្រសើរ ពិសេសសូមមានការយោគយល់បន្ថែមក្នុងពេលក្រុមហ៊ុនធ្វើផ្លូវ ដោយមានការប៉ះពាល់ដូចជារបង ដំណាំផ្សេងៗជាដើម ព្រោះជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងឃុំទាំងមូល ក៏ដូចជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀន។

បន្ថែមពីនេះទៀតលោកស្រី សូមឲ្យមានការយកចិត្តទុកដាក់លើការថែរក្សាសុខភាព ជាពិសេស បងប្អូនអញ្ជើញទៅចាក់វ៉ាកសាំងកូវីដ-១៩ ដូសមូលដ្ឋាននិងដូសជំរុញឱ្យបានគ្រប់ៗគ្នាតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ៕

ដោយ៖ សុថាន


ចែករំលែក៖