ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូជូនពរ ឯកអគ្គរដ្ឋទូតចិន និងអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា ក្នុងឱកាសត្រៀមអបអរសាទរឆ្នាំថ្មីប្រពៃណីចិន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៣ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូជូនពរ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន និង វរសេនីយ៍ឯកពិសេស តាំង ហាវ ប្រធានការិយាល័យអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា ក្នុងឱកាសត្រៀមប្រារព្ធពិធីអបអរឆ្នាំថ្មីដែលនឹងចូលមកដល់នៅថ្ងៃខាងមុខនេះ។

នៅក្នុងឱកាសនោះលោកវ៉ាង វិនធាន ជំនួសមុខឲ្យមន្រ្តី បុគ្គលិក និងអនុព័ន្ធយោធា បានថ្លែងអំណរគុណដល់ប្រតិភូអគ្គបញ្ជាការ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃមកជូនពរឆ្នាំថ្មីនាឱកាសនេះ បង្ហាញនូវមនោសញ្ចេតនាជ្រាលជ្រៅប្រៀបបីដូចជាបងប្អូន រួមសុខរួមទុក្ខជាមួយគ្នា។

លោកវ៉ាង វិនធាន បានលើកឡើងពីសមិទ្ធផលមួយចំនួន ដែលកងទ័ពប្រទេសទាំងពីរសម្រេចបានក្នុង រយៈពេល៣ឆ្នាំមកនេះ ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ក្រោមកិច្ចសហការ និងការគាំទ្ររបស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជា មានិតចិន បានចាត់ទុកសមិទ្ធផលដែលសម្រេចបានមកនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ការកំណែទម្រង់កងយោធពលខេមរភូមិន្ទ នៅក្នុងយន្តការថ្មី នៃកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរ។

ក្នុងកិច្ចឆ្លើយតបនាយឧត្តមសេនីយ៍ វង្ស ពិសេន បានរម្លឹកឡើងវិញពីទំនាក់ទំនងកម្ពុជា-ចិន ដែលក្នុងរយៈពេលជាង ៦៥ឆ្នាំ មកនេះ បានពង្រឹងពង្រីកទំនាក់ទំនងកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបមិនអាចបំបែកបាន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរដល់ប្រទេសចិន ដែលបានជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារ ក្នុងគ្រាដែលកម្ពុជាជួបប្រឈមការឆ្លងជំងឺកូវីដ-១៩ ពិសេសការផ្តល់ និងការលក់វ៉ាក់សាំងទាន់ពេលវេលា ធ្វើឱ្យកម្ពុជាគ្រប់គ្រងបាននូវការឆ្លងរាលដាជំងឺកូវីដ-១៩ និងការទទួលស្គាល់ពីអន្តរជាតិ។

លើវិស័យយោធានាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានលើកឡើងពីកិច្ចសហ ប្រតិបត្តិការបង្រ្កាបបទល្មើសផ្សេងៗ ជា ពិសេស ការបង្ក្រាបបទល្មើសឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ទទួលបានលទ្ធផលល្អ។

នាយឧត្តមសេនីយ៍អគ្គបញ្ជាការ ក៏បានថ្លែងអរគុណដល់កងទ័ពប្រជាជនចិន ដែលបានជួយបណ្ដុះបណ្ដាលកងទ័ពកម្ពុជា ក្នុងនោះជួយកសាងមូលដ្ឋានសាលា គ្រឿងបំពាក់ទំនើប ជួយពង្រឹងវិស័យសន្តិសុខ ហើយសង្ឃឹមថា ទៅថ្ងៃខាងមុខកងទ័ពប្រជាជនចិននៅតែបន្តជួយឧបត្ថម្ភដល់កងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ វង្ស ពិសេនជូនពរឯកអគ្គរដ្ឋទូត និងមន្ត្រី បុគ្គលិក អនុព័ន្ធយោធា ព្រមទាំងក្រុមគ្រួសារសូមឆ្នាំថ្មីប្រកបដោយសិរីសួស្ដី ជ័យមង្គលឧត្តុងឧត្តម និងទទួលបានជ័យជំនះគ្រប់ភារកិច្ច៕

ដោយ៖ សូរិយា


ចែករំលែក៖