ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីវីដេអូឃ្លីបដែលបង្ហោះចែកចាយពេញលើបណ្តាញសង្គមហ្វេសប៊ុកអំពីសកម្មភាព ក្រុមក្មេងទំនើងមួយក្រុមមានគ្នាប្រមាណជាង២០នាក់ ជិះម៉ូតូជិត ២០គ្រឿងបានធ្វើសកម្មភាពយកដុំថ្មទៅគប់បំផ្លាញហាងកាហ្វេមួយកន្លែង យ៉ាងសាហាវ និងអនាធិបតេយ្យ បង្កឱ្យបងប្អូនពលរដ្ឋរស់នៅក្បែរតំបន់ ក៏ដូចជាអ្នកដែលបានឃើញការបង្ហោះ មានការភ័យខ្លាចជាខ្លាំងអំពីសកម្មភាពទំនើង និងអសន្តិសុខទាំងអស់នេះ។
ជាក់ស្ដែងសកម្មភាពនេះ យោងតាមរយៈកាមេរ៉ាសុវត្ថិភាពនៅទល់មុខចំណុចកើតហេតុ ដែលបានកើតឡើងកាលពីវេលាម៉ោង២១ និង៣៩នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចហាងកាហ្វេមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ផ្អែកតាមគណនេយ្យហ្វេសប៊ុកមួយដែល មានឈ្មោះ Hak បានបង្ហោះវីដេអូរលើបណ្តាញសង្គម អំពីសកម្មភាពខាងលើ ដោយបានសរសេរភ្ជាប់នឹងខ្លឹមសារថា៖ “មុននេះបន្តិចវេលាម៉ោង ២១:៣៩នាទីយប់ មានករណីក្មេងទំនើងមួយក្រុមមានគ្នាជិត ២០ម៉ូតូបាននាំគ្នាជិះមកគប់ហាងកាហ្វេមួយកន្លែងនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ សូមអាជ្ញាធរជួយតាមដានស្រាវជ្រាវករណីនេះផង។”
ក្រោយមានការបង្ហោះវីដេអូទាំងនេះរួចមក ឃើញថា មានពលរដ្ឋជាច្រើន បានចូលទៅធ្វើការ Comment និង share ចែករំលែកជាបន្តបន្ទាប់ ដោយសម្តែងនូវការព្រួយបារម្ភ និងភ័យខ្លាច ព្រោះខ្លាចសកម្មភាពនេះ អាចកើតឡើង លើរូបខ្លួនដោយយថាហេតុនៅថ្ងៃណាមួយ ។ ក្នុងនោះ ក៏មានពលរដ្ឋជាច្រើនចូលទៅសម្តែងមតិ ដោយស្នើឱ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ មេត្តាជួយស្រាវជ្រាវតាមចាប់ក្រុមខាងលើ យកទៅផ្តន្ទាទោស ផងដែរ ជៀសវៀងទុកឱ្យពួកគេនៅមានសេរីភាព ដើរអុកឡុក ដល់ពលរដ្ឋស្លូតត្រង់ដទៃផ្សេងទៀតនៅក្នុងសង្គម ។
ជុំវិញករណីខាងលេីនេះ លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានថ្លែងឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ មករា ឆ្នាំ២០២៣នេះថា ករណីនេះ លោកទទួលបានហើយ ហើយបច្ចុប្បន្នកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាល ក៏នឹងកំពុងបើកការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា ក្នុងការតាមចាប់ក្រុមខាងលើយកមកអនុវត្តទោសទណ្ឌនៅពេលខាងមុខផងដែរ ។
គួរបញ្ជាក់ថា ជុំវិញករណីដដែលនេះ គេសង្គេតឃើញ គណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ បានបង្ហោះកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ដោយមានសរសេរខ្លឹមសារថា “បើបងប្អូនខ្ញុំ គេងមិនលក់ នៅមិនសុខ ខ្ញុំក៏ដូចបងប្អូនដែរ ក្នុងនាមជាអភិបាលខណ្ឌ ១រូបដែលគ្រប់គ្រង នៃខណ្ឌមានជ័យនេះ ខ្ញុំសូមប្រកាសជាសាធារណៈដល់បងប្អូន..កងកំលាំងគ្រប់ប្រភេទក្នុងខណ្ឌយើង ឱ្យចេញតាមចាប់ជនល្មើសទាំងនេះមិនគិតថាជាកូននាក់ណាក៏ដោយត្រូវចាប់យកមកសាលាខណ្ឌមានជ័យ ខ្ញុំបាទនឹងផ្តល់ជូនជាថវិកាលើកចិត្តចំនួន ៥,០០០,០០០រៀល ដល់បងប្អូនយើងដែលចាប់បានជនបង្កទាំងអស់នេះនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។”
បើទោះជារៀងរាល់ថ្ងៃគេតែងសង្គេតឃើញ មានកងកម្លាំងសមត្ថកិច្ច និងក្រុមអាជ្ញាធរខណ្ឌមានជ័យ នៅបន្តសកម្មភាពចុះល្បាតពួនស្ទាក់ជាប្រចាំក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋក៏ដោយ ក៏សកម្មភាពក្មេងទំនើង និងអសន្តិសុខមួយចំនួន នៅតែបន្តកើតមានដដែល ក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យទី១ មិនថា អំពើលួច ឆក់ ហិង្សា ឬក្មេងទំនើងនោះឡើយ ជាក់ស្តែងដូចករណីខាងលើ ដែលមិនមែនជាលើកទី១នោះឡើយ ។
គួរជម្រាបផងដែរថា មូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ គឺជាភូមិសាស្ត្រមានលក្ខណៈតំបន់ស្មុគស្មាញច្រើន ពិសេសនៅតំបន់ភូមិមច្ឆា ក្រោយវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យតែម្តង គឺជាតំបន់ប្រមូលផ្តុំទៅ ដោយក្មេងទំនើង និងក៏ជាតំបន់ដែលសកម្មបំផុត ក្នុងការចែកចាយគ្រឿងញៀនផងដែរ ៕
ដោយ៖សហការី