ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឫស្សីកែវឆ្លងកាត់ទន្លេសាបស្របនឹងស្ពានបាឡេត៍នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ ភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វា ខណ្ឌជ្រោយចង្វា បានឈានដល់ការតភ្ជាប់តួស្ពានហើយនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសាឆ្នាំ២០២៣ខាងមុខនេះ។
ពិធីតភ្ជាប់តួស្ពានបេតុងខ្សែកាប្លិ៍ឆ្លងទន្លេសាបនេះ ធ្វើឡើងក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងអ្នកឧកញ៉ា ពុង ឃាវសែ ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។
លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា៖
ការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាបស្របនឹងស្ពានបាឡេត៍ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វា ខណ្ឌជ្រោយចង្វា គិតត្រឹមថ្ងៃទី១៦ ខែមករានេះ ការដ្ឋានសាងសង់សម្រេចបាន ៩៣% នៃគម្រោង ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសាឆ្នាំ២០២៣ខាងមុខនេះ ។
សូមបញ្ជាក់ថា៖ ស្ពានបេតុងខ្សែកាប្លិ៍ នេះមានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង , កម្ពស់សសរស្ពានសម្រាប់ព្យួរខ្សែកាប្លិ៍ធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ ។ សសរសម្រាប់ព្យួរខ្សែកាប្លិ៍មានសសរចំនួន៤, គន្លងខ្សែយានយន្តទទឹង៣.៧៥ម៉ែត្រ , គន្លងធ្វើចរាចរណ៍២ខ្សែទៅ និង២ខ្សែ មក , កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ , កម្ពស់នាវាចរ ក្រោមស្ពានអប្បបរមា នៅរដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺនិងដាក់ស្លាកសញ្ញាចរាចរណ៍។
ស្ពាននេះសាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើរយៈពេលវេលា២៨ខែ ក្រោយការស្ថាបនារួចស្ពានបេតុងខ្សែកាប្លិ៍នេះ នឹងបង្កើតលំហូរចរាចរណ៍ថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦នៃខណ្ឌជ្រោយចង្វា ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរណ៍ក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES នាឆ្នាំ២០២៣ខាងមុខនេះ។
គួររំលឹកផងដែរថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែស្របជាមួយស្ពានបាឡេត៍នេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៧កន្លងមក ហើយស្ពាននេះគ្រោងនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសាឆ្នាំ២០២៣ខាងមុខនេះ ៕
ដោយ៖ សំរិត