ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីសម្តេចតេជោ ហ៊ុន សែន ថ្ងៃទី១៦នេះនៅម៉ាល់ឌីវ

ចែករំលែក៖

ប្រទេសម៉ាល់ឌីវ ៖ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា, ខ្ញុំពិតជារីករាយដែលសម្តេចតេជោ​ លោកបានឆ្លៀតពេលវេលាឯកជនសម្រាកងូតទឹកសមុទ្រលំហែកាយដើម្បីសុខភាព។ មិនថាតែខ្ញុំទេ គឺបងប្អូនប្រជាពលរដ្ឋដែលគោរពស្រឡាញ់សម្តេចគឺចង់អោយលោកមានសុខភាពល្អជានិច្ច។

លោកបន្តថា, បើតាមកម្មវិធីនៅម៉ាល់ឌីវថ្ងៃទី១៦ មករានេះគឺ នៅវេលាពេលព្រឹក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញទៅចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការនៅវិមានប្រធានាធិបតី នៅទីក្រុងម៉ាលដែលត្រូវជិះតាក់ស៊ីទឹកពីកន្លែងស្នាក់នៅ ( Paradise Island Resort) ដែលមានរយៈពេលជាង៣០នាទី។

នៅទីនោះសម្តេចតេជោនឹងចុះហត្ថលេខាលើសៀវភៅក្រាំងមាសនិងថតរូបអនុស្សាវរីយ៍។ បន្ទាប់មកសម្តេច​ លោកនឹងអញ្ជើញចូលរួមប្រជុំការងារជាមួយលោកប្រធានាធិបតីម៉ាល់ឌីវ Ibrahim Mohamed Solih។ 

នៅម៉ោង ១១:០០នាទី សម្តេចតេជោ​ និងលោកប្រធានាធិបតីម៉ាលឌីវនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ និងអនុស្សារណៈនៃការយោគយល់គ្នាមួយចំនួនដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសជាតិ​ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ បន្ទាប់មកប្រមុខដឹកនាំនៃប្រទេសទាំងពីរនឹងមានសន្និសីទសារព័ត៌មានរួមគ្នា។

ចំពោះកម្មវិធីរសៀលនេះគឺ សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងបន្តអញ្ជើញជួបអនុប្រធានាធិបតីម៉ាល់ឌីវ លោក Faisal Naseem  និង ប្រធានរដ្ឋសភា Mohamed Nasheed, លោក Muthasim Adnan ប្រធានតុលាការកំពូល និងលោក Abdulla Shahid រដ្ឋមន្រ្តីការបរទេសម៉ាល់ឌីវផងដែរ។  

ប្រសិនបើគ្មានអ្វីប្រែប្រួលទេ សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាវិលត្រឡប់ទៅប្រទសជាតិវិញនៅថ្ងៃស្អែកទី១៧​ មករា ២០២៣ នេះ។

ពីម៉ាល់ឌីវ ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

ដោយ ៖ សិលា


ចែករំលែក៖